(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សេតវិមានបានដាក់សំណើទៅកាន់សភាអាមេរិក ដើម្បីសុំថវិកាចំនួនជិត១០៦ពាន់លានដុល្លារ ដែលជាចម្បងគឺសម្រាប់ជួយអ៊ុយក្រែននិងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។

ប្រមាណ១៤.៣ពាន់លានដុល្លារ នៃសំណើថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ នឹងត្រូវផ្តោតលើអ៉ីស្រាអែល ដោយមួយចំណែកធំ គឺសម្រាប់គាំទ្រដល់ការទិញប្រព័ន្ធការពារដែនអាកាសនិងមីស៉ីល រួមទាំងសព្វាវុធផ្សេងៗទៀត ដើម្បីជួយអ៉ីស្រាអែល។ អ៉ីស្រាអែលបានប្តេជ្ញាកម្ទេច ក្រុមហាម៉ាសប៉ាឡេស្ទីនទាំងស្រុង ដែលគ្រប់គ្រងតំបន់ Gaza Strip ចាប់តាំងពីក្រុមសកម្មប្រយុទ្ធមួយនេះ បានចូលវាយប្រហារលើទឹកដីខ្លួន កាលពីថ្ងៃទី៧ ខែតុលា។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ចង់បានថវិកាជាង៩ពាន់លានដុល្លារ សម្រាប់ការផ្តល់ជាជំនួយមនុស្សធម៌ផងដែរ ដែលរួមមានទាំងសម្រាប់អ៉ីស្រាអែលនិងតំបន់ Gaza ខណៈប្រជាជនប៉ាឡេស្ទីននៅ Gaza កំពុងប្រឈមវិបត្តិមនុស្សធម៌ដែលកាន់​តែអាក្រក់ទៅៗ ចំពោះមុខការទម្លាក់គ្រាប់បែកសងសឹកយ៉ាងខ្លាំងក្លារបស់អ៉ីស្រាអែល។

ក្រៅពីនេះ សំណើថវិកាខាងលើ ក៏រួមមាន១៣.៦ពាន់លានដុល្លារ សម្រាប់សន្តិសុខព្រំដែនអាមេរិកផ្ទាល់ថែមទៀតផង ដើម្បីទប់ទល់នឹង​ជនអន្តោប្រវេសន៍ក្នុងចំនួនដ៏ធំ មកពីតំបន់អាមេរិកឡាទីននិងការីបង់ នៅឯព្រំប្រទល់ភាគខាងត្បូង ក៏ដូចជាការជួញដូរថ្នាំ Fentanyl ព្រមទាំង៤ពាន់លានដុល្លារក្នុងការផ្តល់ជំនួយយោធានិងហិរញ្ញប្បទានរដ្ឋាភិបាល ដែលមានគោលដៅទប់ទល់នូវអ្វីដែលអាមេរិកអះអាងថា ជាការពង្រីកឥទ្ធិពលរបស់ចិននៅតំបន់អាស៉ី។ បន្ថែមពីនេះ ក៏នឹងមានការគាំទ្រដល់ភាពជាដៃគូសន្តិសុខត្រីភាគី AUKUS រវាងអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ផងដែរ។

យ៉ាងណាក្តី ចំណែកធំជាងគេបង្អស់ ប្រមាណ៦១.៤ពាន់លានដុល្លារ នៃកញ្ចប់ថវិកាដែលស្នើសុំខាងលើ គឺសម្រាប់អ៊ុយក្រែន។ វារួមមានទាំង ការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចនិងសន្តិសុខសម្រាប់អ៊ុយក្រែន ក៏ដូចជាការគាំទ្រសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន ដែលនៅសហរដ្ឋអាមេរិក។ សង្រ្គាមអ៊ុយក្រែនជាមួយរុស្ស៉ី បានអូសបន្លាយរយៈពេលប្រមាណ២០ខែមកហើយ ខណៈលោក បៃដិន បានប្តេជ្ញាថា នឹងបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ដោយពុំមានពេលវេលាកំណត់ឡើយ។

គួរបញ្ជាក់ថា ដោយដាក់បញ្ចូលអាទិភាពសំខាន់ៗទាំងប៉ុន្មានខាងលើរួមគ្នាយ៉ាងដូច្នេះ ប្រធានាធីបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យរូបនេះ សង្ឃឹមថា រូបលោកបានបង្កើតសំណើថវិកាសន្តិសុខជាតិ ដ៏សំខាន់ខ្លាំងបំផុតមួយ ដែលអាចទទួលបានការគាំទ្រនៅសភាតំណាងរាស្រ្តអាមេរិក ដែលកំពុងស្ថិតក្នុងសភាពចលាចល។ សភាតំណាងរាស្រ្ត ដែលគ្រប់គ្រង​ដោយបក្សសាធារណរដ្ឋ គឺមិនមានមេដឹកនាំអស់រយៈពេល១៨ថ្ងៃមកហើយ បន្ទាប់ពីមេដឹកនាំមុន ត្រូវបានបោះឆ្នោតទម្លាក់ចេញ៕

រូបភាពពី Reuters