(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ រុស្ស៉ីបានចេញសេចក្តីណែនាំឱ្យពលរដ្ឋខ្លួន កុំធ្វើដំណើរទៅកាន់ប្រទេសដូចជាអ៉ីស្រាអែល លីបង់ និងហ៊្សកដានី ព្រមទាំងដែនដីប៉ាឡេស្ទីន ចំពោះមុខការកើនឡើងភាពតានតឹងខ្លាំងក្នុងតំបន់ ចំពោះមុខសង្រ្គាមរបស់អ៉ីស្រាអែល ជាមួយ​ក្រុមហាម៉ាសនៅតំបន់ Gaza Strip។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។

ក្រសួងការបរទេសរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ស្ថានការណ៍នៅមជ្ឈិមបូព៌ាកំពុងតែក្តៅគគុក។ ចំនួនអ្នកស្លាប់និងរបួសកំពុងបន្តកើនឡើង ខណៈសកម្មភាពបាតុកម្មទ្រង់ទ្រាយធំ កំពុងកើតមានឡើងនៅជុំវិញពិភពលោក។ យើងសូមផ្តល់អនុសាសន៍ជាទម្ងន់ កុំឱ្យ​ប្រជាពលរដ្ឋរុស្ស៉ីធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ជាពិសេសអ៉ីស្រាអែល លីបង់ ហ៊្សកដានី ព្រមទាំងដែនដីប៉ាឡេស្ទីន»

ភាពតានតឹងក្នុងតំបន់បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានសម្រុកចូលលុកលុយអ៉ីស្រាអែលពី​តំបន់ Gaza Strip កាលពីថ្ងៃទី៧ ខែតុលា។ បើយោងតាមក្រុមមន្រ្តីអ៉ីស្រាអែល ក្រុមហាម៉ាសបានសម្លាប់មនុស្សយ៉ាងហោចជាង ១,៤០០នាក់ ក្នុងនោះភាគច្រើនគឺជាជនស៉ីវិល។ អ៉ីស្រាអែលបានអះអាងថា សមាជិករបស់ក្រុមហាម៉ាសប្រហែលជា១,៥០០នាក់ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នា មុនពេលកងទ័ពខ្លួនដណ្តើមការគ្រប់គ្រងបានវិញ នៅតាមតំបន់ដែលរងការចូលលុកលុយ។

ដោយឡែក យោងតាមតួលេខចុងក្រោយពីក្រសួងសុខាភិបាលនៅតំបន់ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សយ៉ាងហោច ៤,១៣៧នាក់ហើយ ភាគច្រើនជាជនស៉ីវិល ត្រូវបានសម្លាប់នៅទូទាំងដែនដីប៉ាឡេស្ទីនមួយនេះ ដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៉ីស្រាអែល ដែលជាការសងសឹកចំំពោះសកម្មភាពរបស់ក្រុមហាម៉ាស។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ យោធាអ៉ីស្រាអែលក៏បានប្រកាសពីផែនការ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុង Kiryat Shmona នៅភាគខាងជើងប្រទេសផងដែរ ក្រោយមួយរយៈចុងក្រោយនេះ មានការប៉ះទង្គិចគ្នាជាមួយក្រុមហេសបូឡា (Hezbollah) នៅតាមបណ្តោយព្រំប្រទល់ជាប់ប្រទេសលីបង់៕

រូបភាពពី AFP