(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្រ្ទីព (Gaza Strip) ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សយ៉ាងហោចចំនួន៤,១៣៧នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ គិតចាប់តាំងពីការចាប់ផ្តើមទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល កាលពី២សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។
ក្រសួងខាងលើបានបន្តថា មនុស្សចំនួន១៣,១៦២នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ នៅក្នុងយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី៧ ខែតុលា។ ក្រសួងសុខាភិបាលក្រុមហាម៉ាស បានបន្ថែមថា ចាប់តាំងពីផ្ទុះជម្លោះមក បុគ្គលិកពេទ្យចំនួន៤៦នាក់បានបាត់បង់ជីវិត និង៨៥នាក់ទៀតបានរងរបួស ខណៈមន្ទីរព្យាបាល២១កន្លែង លែងអាចធ្វើប្រតិបត្តិការបានតទៅទៀត ព្រោះខ្វះឥន្ធនៈ ដោយសារតែការបិទខ្ទប់ទាំងស្រុងរបស់អ៉ីស្រាអែល ចំពោះតំបន់ Gaza Strip។
គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីននៅទីនោះ កំពុងនៅបន្តរង់ចាំជំនួយមនុស្សធម៌ដ៏ចាំបាច់ ដែលត្រូវចូលមកកាន់ Gaza ពីប្រទេសអេហ្ស៉ីប តាមច្រកព្រំប្រទល់ Rafah។ សង្រ្គាមបង្ហូរឈាមនៅតំបន់ Gaza Strip បានចាប់ផ្តើម បន្ទាប់ពីក្រុមហាម៉ាសបានឆ្មក់វាយប្រហារ ចូលទៅកាន់ភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយបើតាមអាជ្ញាធរអ៉ីស្រាអែល ពួកគេបានសម្លាប់មនុស្សជាង១,៤០០នាក់ ភាគច្រើនជាជនស៉ីវិល៕
រូបភាពពី AFP