(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បានចេញមុខនិយាយថា របាយការណ៍មួយរបស់មន្ទីរបញ្ចកោណអាមេរិក ដែលចោទថា ប្រទេសចិនប្រហែលនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរលើស១,០០០គ្រាប់ នៅឆ្នាំ២០៣០ គឺពោរពេញទៅដោយភាពលម្អៀងនិងបំភ័ន្តការពិត ខណៈទីក្រុងប៉េកាំងមិនមានបំណងចូលរួម ក្នុងការរត់ប្រណាំងអាវុធនុយក្លេអ៊ែរឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

ឆ្លើយតបចំពោះសំណួរពាក់ព័ន្ធរបាយការណ៍អាមេរិកខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា «ជាដំបូងបំផុត របាយការណ៍របស់សហរដ្ឋអាមេរិក ដូចទៅនឹងរបាយការណ៍ស្រដៀងគ្នាពីមុនៗមកដែរ គឺមិនអើពើចំពោះការពិត ហើយ​ពោរពេញទៅដោយភាពលម្អៀង និងសាបព្រោះទ្រឹស្តីការគំរាមកំហែងដែលបង្កឡើងដោយចិន។ ចិនប្រកាន់ខ្ជាប់យុទ្ធសាស្រ្តនុយក្លេអ៊ែរ​បែបស្វ័យការពារ ហើយយើងបានដាក់កងកម្លាំងនុយក្លេអ៊ែរយើង ឱ្យស្ថិតនៅត្រឹមកម្រិតទាបបំផុត ដែលតម្រូវដោយសន្តិសុខជាតិ ជាប់ជានិច្ច។ យើងគ្មានចេតនាចូលរួមក្នុងការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ ជាមួយប្រទេសណាមួយទេ ដរាបណាមិនមានប្រទេសណាប្រើប្រាស់ ឬគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងប្រទេសចិន ប្រទេសនោះនឹងមិនត្រូវគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់ចិនឡើយ»

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ទីរបញ្ចកោណបាននិយាយថា គិតត្រឹមខែឧសភា ឆ្នាំនេះ ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចធ្វើប្រតិបត្តិការចំនួនជាង៥០០គ្រាប់នៅក្នុងដៃ ហើយអាចនឹង​កើនដល់ជាង១,០០០គ្រាប់ នៅឆ្នាំ២០៣០។ ដោយឡែក ក្នុងរបាយការណ៍កាលពីខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរបញ្ចកោណបាននិយាយថា ចិនទំនងជានឹងមានក្បាលគ្រាប់រហូតដល់១,៥០០គ្រាប់ នៅត្រឹមឆ្នាំ២០៣៥៕

រូបភាពពី AFP