(បាងកក)៖ ក្រសួងការបរទេសនៃប្រទេសថៃ បានឱ្យដឹងនៅថ្ងៃសុក្រនេះថា តួលេខជនជាតិថៃដែលបាត់បង់ជីវិតបានកើនដល់៣០នាក់ ខណៈ១៩នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមហាម៉ាសប៉ាឡេស្ទីន ក្រោយការវាយប្រហារលើអ៉ីស្រាអែល កាលពីជិត២សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ បាននិយាយថា គិតត្រឹមថ្ងៃសុក្រនេះ ជនជាតិថៃសរុប៣០នាក់បានស្លាប់ នៅក្នុងជម្លោះអ៉ីស្រាអែល-ហាម៉ាស ហើយពលរដ្ឋថៃដែលក្រុមហាម៉ាសចាប់យកធ្វើជាចំណាប់ខ្មាំង គឺត្រូវបានជឿជាក់ថាកើនដល់១៩នាក់ ក្នុងចំណោមមនុស្សសរុបយ៉ាងហោចជាង ​២០០នាក់ ដែលត្រូវបានចាប់យកទៅតំបន់ Gaza Strip អំលុងការឆ្មក់វាយប្រហារដ៏ប្រល័យបំផុត លើភាគខាងត្បូងនៃ​ប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា ទៅលើ Gaza Strip និងបានធ្វើការបិទខ្ទប់ដែនដីប៉ាឡេស្ទីនមួយនេះទាំងស្រុង បន្ទាប់ពួកហាម៉ាសបានបញ្ជូនក្រុមខ្មាន់កាំភ្លើងរបស់ខ្លួន ឱ្យសម្រុកចូលលុកលុយតាមសហគមន៍ ក៏ដូចជាក្រុងនៅភាគខាងត្បូង​អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ១,៤០០នាក់ ហើយជាច្រើននាក់ទៀត ត្រូវបានចាប់យកធ្វើជាចំណាប់ខ្មាំង។ អ៉ីស្រាអែលបាននិយាយថា ខ្លួននឹងព្យាយាមរិះរក​មធ្យោបាយដើម្បីរំដោះចំណាប់ខ្មាំង ប៉ុន្តែទន្ទឹមគ្នានឹងកម្ទេចក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ Gaza ចោលទាំងស្រុង៕

រូបភាពពី AFP