(កាតា)៖ ក្នុងជំនួបជាមួយសមភាគីរុស្ស៉ីនៅឯប្រទេសកាតា បេសកជនពិសេសរបស់ចិនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា បានកំណត់មូលដ្ឋាននៃវិបត្តិអ៉ីស្រាអែល-ហ្គាហ្សា ថាកើតឡើងដោយសារតែភាពខ្វះខាតនៃការធានាចំពោះសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ហើយបានជំរុញឲ្យមានការសម្របសម្រួលកាន់តែខ្លាំងពីទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

ក្នុងជើងទីមួយនៃដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា បេសកជនចិន លោក ចាយ ជុន (Zhai Jun) បានបញ្ជាក់សាជាថ្មីជាមួយ សមភាគីរុស្ស៉ី គឺលោក Mikhail Bogdanov អំពីតួនាទីរបស់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយបន្ថយ វិបត្តិហ្កាហ្សា។

លោក ចាយ បានគូសបញ្ជាក់ថា «ហេតុផលជាមូលដ្ឋានសម្រាប់ស្ថានភាពបច្ចុប្បន្ន នៅក្នុងជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល គឺសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន មិនត្រូវបានធានា»។ បើតាម លោក ចាយ ចិន និងរុស្ស៉ី មានគោលជំហរដូចគ្នា ចំពោះបញ្ហាប៉ាឡេស្ទីន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានសម្រុកចូលទៅក្នុងភាគខាងត្បូងអ៉ីស្រាអែល ពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្ស ១,៤០០នាក់។ ជាការឆ្លើយតប អ៉ីស្រាអែលបានសងសឹកដោយការវាយប្រហារ តាមអាកាស និងបិទខ្ទប់តំបន់ដែលមានប្រជាជនរស់នៅ ២.៣លាននាក់នេះ៕

រូបភាពពី Reuters