(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៨ ខែតុលា លោកជំទាវ Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញភរិយា របស់ប្រមុខរដ្ឋ-រដ្ឋាភិបាលនៃប្រទេសដែលអញ្ជើញចូលរួមវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ ទៅទស្សនាសារមន្ទីរសិល្បៈនិងសិប្បកម្មចិន។

ក្នុងសូរសៀងតន្ត្រីជួងដ៏ពិរោះរណ្តំ លោកជំទាវ Peng Liyuan និងភ្ញៀវកិត្តិយសបានដើរចូលសាលតាំងពិព័រណ៍វត្ថុមានតម្លៃ ហើយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ វត្ថុសិល្បៈនិងសិប្បកម្មដ៏ល្អប្រណិតនីមួយៗ ដូចជាគ្រឿងចម្លាក់យកពីថ្មយក់ គ្រឿងប៉ាក់ សម្ភារៈត្បាញពីឬស្សីចម្លាក់ឈើជាដើម។ អ្នកស្នងមរតកបេតិកភណ្ឌវប្បធម៌អរូបី បានបង្ហាញនូវបច្ចេកទេសដ៏ឆ្នើម ដូចជាការដេរប៉ាក់ជាដើមនៅនឹងកន្លែងដែលនាំឱ្យលោកជំទាវ Peng Liyuan និងភ្ញៀវទាំងឡាយកោតសរសើរមិនដាច់ពីមាត់។

លោកជំទាវ Peng Liyuan បានលើកឡើងថា វប្បធម៌ជាចំណងនៃស្មារតីសាមគ្គីភាពនិងសហប្រតិបត្តិការ របស់ប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។ វប្បធម៌មានភាពចម្រុះបែបដោយសារការផ្លាស់ប្តូរ អរិយធម៌មានភាពសម្បូរបែបដោយសារ ការរៀនសូត្រទៅវិញទៅមក សង្ឃឹមថា យើងនឹងរួមបញ្ចូលផ្នែកវប្បធម៌មនុស្សជាតិកាន់តែជិតស្និទ្ធ បន្តវេនចំណងមេត្រីភាពទៅគ្រប់ជំនាន់ ដើម្បីសម្រេចការអភិវឌ្ឍរួម៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន