(ប៉េកាំង)៖ "ការសម្រេចបាននូវការតភ្ជាប់គ្នានឹងផ្តល់ឱកាសដល់អឺរ៉ុប សម្រាប់ស្តារកម្លាំងប្រកួតប្រជែងរបស់ខ្លួនឡើងវិញ។" នៅក្នុងវេទិកាកំពូល "ខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ ដែលទើបបានបញ្ចប់នោះ លោក Orbán Viktor នាយករដ្ឋមន្ត្រីហុងគ្រីបានវាយតម្លៃខ្ពស់ ចំពោះការសាងសង់ផ្លូវដែកហុងគ្រី-ស៊ែប៊ី ដោយអំពាវនាវឱ្យអឺរ៉ុប និងពិភពលោកស្វែងរកឱកាសថ្មីនៃការតភ្ជាប់គ្នា។

ការតភ្ជាប់គ្នាដែលលើកឡើងដោយលោកនាយករដ្ឋមន្ត្រីហុងគ្រី គឺជាខ្សែបន្ទាត់មេនៃការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ហើយក៏ជាពាក្យគន្លឹះ នៃវេទិកាកំពូលលើកនេះផងដែរ។ ថ្ងៃទី១៨ខែតុលា នៅពេលថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាកំពូលលើកនេះ លោកXiJinpingប្រធានរដ្ឋចិនបានប្រកាសប្រតិបត្តិការ៨ចំណុច របស់ប្រទេសចិនដើម្បីគាំទ្រការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ក្នុងនោះចំណុចទី១គឺ"កសាងបណ្តាញតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយអំពី 'ខ្សែក្រវាត់និងផ្លូវ"។នេះបានបញ្ជាក់ថា ការតភ្ជាប់គ្នានៅតែជាវិស័យអាទិភាពនៃការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" នាពេលអនាគត។

ពិភពលោកនាពេលបច្ចុប្បន្នមិនមានសន្តិភាពទេ សម្ពាធបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកកំពុងកើនឡើង ហើយការអភិវឌ្ឍពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។ ដោយឈរនៅទីចាប់ផ្តើមថ្មី តើការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ គួរជំរុញការកសាងការតភ្ជាប់គ្នានិងជំរុញ កំណើនសេដ្ឋកិច្ចពិភពលោកយ៉ាងដូចម្តេច?

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយវេទិកាលើកនេះ ការងារសំខាន់ជំហានបន្ទាប់ នឹងជំរុញបន្ថែមទៀតនូវ "ការតភ្ជាប់រឹង" ខាងហេដ្ឋារចនាសម្ព័ន្ធ "ការតភ្ជាប់ទន់" ខាងស្តង់ដារនិងក្បួនច្បាប់ក៏ដូចជា "ការតភ្ជាប់ចិត្តនឹងចិត្ត" របស់ប្រជាជននៃបណ្តាប្រទេស។

ទាក់ទិននឹង "ការតភ្ជាប់រឹង" ភាគីចិនបានលើកឡើងវិធានការអភិវឌ្ឍន៍យ៉ាងច្បាស់លាស់ និងប្រាកដប្រជាលើកនេះ ដែលបូករួមទាំងការពន្លឿនការជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់នៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប និងរួមជាមួយភាគីនានាបង្កើតច្រកថ្មី សម្រាប់ចរាចរណ៍ទំនិញនៅទ្វីបអីរ៉ាស៊ីដែលផ្តល់ ការទ្រទ្រង់ដ៏សំខាន់ដោយការដឹកជញ្ជូនផ្ទាល់ តាមផ្លូវដែកនិងផ្លូវថ្នល់តែម្តង។

លើសពី "ការតភ្ជាប់រឹង" ទៅទៀត នៅមាន "ការតភ្ជាប់ទន់" ដែលមានគោលបំណងបង្កើតក្បួនច្បាប់និងស្តង់ដាររួម។គិតត្រឹមចុងខែមិថុនាឆ្នាំ២០២៣ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តង់ដារ ចំនួន១០៧ច្បាប់ជាមួយស្ថាប័នដែលធ្វើអន្តរជាតូបនីយកម្មស្តង់ដារ នៃ៦៥ប្រទេសនិងអង្គការអន្តរជាតិនិងតំបន់។ នៅពេលអនាគត ប្រសិនបើអាចទទួលបានការវិវឌ្ឍធំបង្គួរក្នុងវិស័យ "ការតភ្ជាប់ទន់" នោះ នឹងធ្វើឱ្យគោលនយោបាយពាក់ព័ន្ធ ត្រូវបានអនុវត្តកាន់តែប្រសើរឡើង ហើយធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការថែមទៀត។

ក្នុងអំឡុងពេលវេទិកាលើកនេះ ភាគីចិនក៏បានប្រកាសថា នឹងបន្តជំរុញសំណង់ដ៏មានលក្ខណៈតំណាង និងគម្រោងជីវភាពរស់នៅ "តូចនិងស្រស់ស្អាត" បន្ថែមទៀតនាពេលអនាគត ហើយនឹងអនុវត្តគម្រោងជំនួយជីវភាពរស់នៅធុនតូចចំនួន១០០០។ គម្រោងដែលសម្របទៅតាមភូមិសាស្ត្រនិងប្រមូលផ្ដុំ នូវចិត្តប្រជាជនកាន់តែច្រើននឹងជំរុញការរួមគ្នាកសាង "ការតភ្ជាប់ចិត្តនិងចិត្ត" របស់ប្រជាជននៃប្រទេសដែលរួមកសាង និងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃការរួមគ្នាកសាងខ្សែក្រវ៉ាត់និងផ្លូវ។

បន្ទាប់ពីរយៈពេល១០ឆ្នាំដែលប្រកបដោយផ្លែផ្កា “ខ្សែក្រវាត់និងផ្លូវ” បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ ការបង្កើតនិម្មាបនកម្មថ្មីនៃ "បណ្តាញតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយ" ច្បាស់ជានឹងពង្រឹងមុខងារបង្កើតគោលិកាឈាម របស់ប្រទេសដែលរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ជំរុញបណ្តាប្រទេសរួមបញ្ចូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់តម្លៃសកល ឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមគ្នា។នេះក៏នឹងផ្តល់កម្លាំងរស់រវើក ដល់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីបំពេញបន្ថែមថាមពលកាន់តែច្រើនដល់ការរួមគ្នា សម្រេចបាននូវទំនើបកម្មរបស់បណ្តាប្រទេសផ្សេងៗទៀតផង៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន