(ប៉េកាំង)៖ លោកប្រធានាធិបតី ស៉ី ជិនពីង បានប្រាប់សមភាគីស្រីលង្កា លោក រ៉ានីល វ៉ិកក្រេម៉េស៉ីងហេ (Ranil Wickremesinghe) ក្នុងជំនួបនៅទីក្រុងប៉េកាំង នាថ្ងៃសុក្រនេះថា ចិនមានឆន្ទៈក្នុងការផ្តល់ជំនួយដោយគ្មានលក្ខខណ្ឌនយោបាយ និងបង្កើនការទិញទំនិញនាំចេញបន្ថែមទៀតរបស់ស្រីលង្កា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

បើតាមសេចក្តីសង្ខេបនៃកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ ដោយសំដៅលើគម្រោងធំៗដែលចិនគាំទ្រក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ លោក ស៉ី បានប្រាប់ប្រធានាធិបតីស្រីលង្កា លោក វ៉ិកក្រេម៉េស៉ីងហេ យ៉ាងដូច្នេះថា «ភាគីទាំងពីរគួរតែខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ ទីក្រុងកំពង់ផែកូឡុំបូ (Colombo) និងហាំបាន់តូតា (Hambantota)»

លោក ស៉ី បានបន្ថែមថា «ចិនមានឆន្ទៈបន្តផ្តល់ជំនួយដល់ស្រីលង្កា ដោយមិនភ្ជាប់លក្ខខណ្ឌនយោបាយ ពង្រីកការនាំចូលផលិតផល របស់ស្រីលង្កា ហើយនឹងលើកទឹកចិត្តសហគ្រាសចិនឲ្យវិនិយោគនៅស្រីលង្កា»

គួរបញ្ជាក់ថា ការអះអាងរបស់ លោក ស៉ី ធ្វើឡើង មួយសប្តាហ៍បន្ទាប់ពីប្រទេសដីកោះដែលរងគ្រោះដោយវិបត្តិមួយនេះ ប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជាមួយធនាគារនាំចេញ-នាំចូលរបស់ចិន ក្រោមលក្ខខណ្ឌបំណុលចំនួន ៤.២ពាន់លានដុល្លារ ដែលជាចំណែកមួយនៃបំណុលសរុបប្រហែលពាន់លានដុល្លារ ដែលខ្លួនជំពាក់ម្ចាស់កម្ចីចិន ទាំងក្រោមក្របខណ្ឌទ្វេភាគី និងពាណិជ្ជកម្ម៕

រូបភាពពី Xinhua