(គែរ)៖ ជំនួយដូចជាអាហារ ថ្នាំពេទ្យ ម៉ាស៊ីនចម្រោះទឹក ផលិតផលអនាម័យ និងភួយ កំពុងតែប្រមូលផ្តុំនៅឯអាកាសយានដ្ឋាន El Arish នៃតំបន់ Sinai របស់អេហ្ស៉ីប ខណៈអាកាសយានដ្ឋាននេះបើកកន្លែងចុះចតបន្ថែម សម្រាប់ត្រៀមទទួលបន្តបន្ទាប់ទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។
Rafah ដែលជាច្រកព្រំដែនឆ្លងចូលទៅក្នុងតំបន់ Gaza ដែលអេហ្ស៉ីបសន្យាថា នឹងបើកនៅថ្ងៃសុក្រនេះ គឺស្ថិតនៅចម្ងាយត្រឹមតែ ប៉ុន្មានសិបគីឡូម៉ែត្រប៉ុណ្ណោះ ពីភាគខាងកើតព្រលានយន្តហោះខាងលើ។ វាគឺជាច្រកផ្លូវតែមួយគត់ ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ៉ីស្រាអែល ដើម្បីចូលទៅដែនដីប៉ាឡេស្ទីនមួយនោះ។
លោក អាម៉ាត់ អាលី (Ahmed Ali) ប្រធានអឌ្ឍចន្ទក្រហមអេហ្ស៉ីប បានប្រាប់ AFP ថា អង្គការរបស់លោកទទួលបានជំនួយពី ២ ទៅ ៣យន្តហោះក្នុងមួយថ្ងៃ ដែលនាំមកដោយភ្នាក់ងារមនុស្សធម៌ឬប្រទេសណាមួយ ដែលចង់បញ្ជូនស្បៀងអាហារ ទឹក ឬសម្ភារវេជ្ជសាស្រ្ត ទៅឲ្យប្រជាជនប៉ាឡេស្ទីនប្រមាណ ២.៤លាននាក់នៅតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា អ៉ីស្រាអែល ដែលបានធ្វើការរឹតត្បិតតំបន់ហ្កាហ្សាយ៉ាងតឹងរ៉ឹងបំផុតអស់រយៈពេល១៦ឆ្នាំ ហើយបានប្រកាសបិទខ្ទប់ទាំងស្រុង ក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅលើដីរបស់ខ្លួន បានសម្រេចយល់ព្រមអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយចូលទៅកាន់ទីនោះ។
ដំបូងឡើយ ទូរទស្សន៍រដ្ឋអេហ្ស៉ីប បានរាយការណ៍ថា ច្រក Rafa នឹងបើកនៅថ្ងៃសុក្រនេះ ប៉ុន្តែក្រោយមកអេហ្ស៉ីបថា ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីជួសជុលផ្លូវដែលរងការវាយប្រហារ ដោយការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល៕
រូបភាពពី Reuters