(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រាប់ប្រធានាធិបតីវៀតណាមនៅថ្ងៃសុក្រនេះថា ប្រទេសទាំងពីរដាច់ខាតមិនត្រូវភ្លេច «វត្ថុបំណងដើម» នៃទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

ទំនាក់ទំនងការទូតរវាងចិននិងវៀតណាម ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥០ ខណៈទីក្រុងប៉េកាំងបានជួយគាំទ្រចលនាប្រយុទ្ធតស៊ូរបស់​ទីក្រុងហាណូយ ប្រឆាំងនឹងការត្រួតត្រារបស់អាណានិគមបារាំង ហើយក្រោយមកទៀតប្រឆាំងនឹងវៀតណាមខាងត្បូង រួមទាំងសហរដ្ឋអាមេរិក អំលុងសម័យសង្រ្គាមវៀតណាម។

ប្រធានាធិបតីវៀតណាម លោក Vo Van Thuong ដែលជាមេដឹកនាំលំដាប់ទី២ ប្រចាំប្រទេសអាស៊ានមួយនេះ បន្ទាប់ពីអគ្គលេខាធិការ​បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានជួបពិភាក្សាគ្នាជាមួយលោក ស៉ី ជីនពីង ក្រោយចូលរួមវេទិកាស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ នៅទីក្រុងប៉េកាំង។

លោកប្រធានាធិបតីចិន បានប្រាប់លោក Thuong យ៉ាងដូច្នេះថា «ចំពោះមុខស្ថានការណ៍អន្តរជាតិ ដែលមានការប្រែប្រួលឥតឈប់ឈរ បូករួមជាមួយកិច្ចការងារអភិវឌ្ឍនៅក្នុងប្រទេសផ្ទាល់ ដែលកាន់តែមានភាពលំបាកខ្លាំងឡើង ប្រទេសទាំងពីរមិនត្រូវភ្លេចវត្ថុបំណងដើម នៃចំណងមិត្តភាពប្រពៃណីរវាងគ្នាជាដាច់ខាត។ ភាគីទាំងពីរគួរប្រកាន់ខ្ជាប់នូវគោលការណ៍ប្រឹក្សាយោបល់គ្នា ហើយចិននិងវៀតណាមគួរតែទាញយកផលប្រយោជន៍ ពីទីតាំងភូមិសាស្រ្តដែលនៅក្បែរខាងគ្នា និងពីវិស័យឧស្សាហកម្មដែលមានលក្ខណៈបំពេញគ្នាទៅវិញទៅមក»

គួរបញ្ជាក់ថា ចិននិងសហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមប្រជែងឥទ្ធិពលគ្នា នៅតាមបណ្តាប្រទេសនៃតំបន់អាស៉ីអាគ្នេយ៍ ក្នុងនោះរួមមាន​ទាំងវៀតណាមផងដែរ។ កាលពីខែកញ្ញាកន្លងទៅ ទីក្រុងហាណូយបានដំឡើងចំណងទាក់ទងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៉ីន ដល់កម្រិត​ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលស្មើទីក្រុងប៉េកាំង និងទីក្រុងមូស្គូដែរ អំលុងទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន៕

រូបភាពពី AFP