(តូក្យូ)៖ ជប៉ុនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនបានអញ្ជើញអូស្រ្តាលីឱ្យចូលរួមជាលើកដំបូង ក្នុងការធ្វើសមយុទ្ធយោធាជាប្រចាំចំនួន២ ដែលប្រព្រឹត្តទៅជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Minoru Kihara បានប្រាប់ថា រូបលោកបានពិភាក្សា អំពីការចូលរូមរបស់ប្រទេសអូស្រ្តាលី នៅក្នុងសមយុទ្ធយោធាខាងលើ អំលុងជំនួបនៅទីក្រុងតូក្យូ ជាមួយរដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចពិភាក្សានោះ លោក Kihara បាននិយាយយ៉ាងដូច្នេះថា «ពួកយើងកំពុងពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកការពារជាតិជាមួយអូស្រ្តាលី នៅគ្រប់ផ្នែក។ គោលដៅរបស់យើង គឺនៅពេលមានគ្រោះអាសន្ន ពួកយើងនឹងអាចធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ»។ ប្រទេសទាំង២ ក៏បានយល់ស្របលើ ការរួមគ្នាអភិវឌ្ឍបរិក្ខារយោធាផងដែរ។
គួរបញ្ជាក់ថា ក្នុងចំណោមសមយុទ្ធយោធាទាំង២ សមយុទ្ធមួយដំបូងនឹងប្រព្រឹត្តទៅ ក្នុងខែវិច្ឆិកាខាងមុខនេះ ហៅថា Yama Sakura ដែលមានការចូលរួមពី កងកម្លាំងស្វ័យការពារ SDF របស់ជប៉ុន និងកងទ័ពជើងគោកអាមេរិក។ ចំណែកសមយុទ្ធយោធាទី២ ហៅថា Keen Edge នឹងប្រព្រឹត្តទៅនាថ្ងៃកុម្ភៈ ឆ្នាំ២០២៤ ហើយមានការចូលរួមពីកងកម្លាំង SDF និងកងម៉ារីនអាមេរិក៕
រូបភាពពី Reuters