(ប៉េកាំង)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់តាលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រដ្ឋាភិបាលតាលីបង់ដែលបច្ចុប្បន្នកំពុងគ្រប់គ្រង​ប្រទេសអាហ្វហ្កានីស្ថាន មានបំណងចង់ចូលរួមជាផ្លូវការ ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដ៏ធំសម្បើម របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ហើយខាងតាលីបង់នឹងចាត់ចែងបញ្ជូន ក្រុមការងារបច្ចេកទេសមួយ ទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងបទសម្ភាសជាមួយ Reuters ១ថ្ងៃក្រោយវេទិកាស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បានបិទបញ្ចប់នៅទីក្រុងប៉េកាំង លោក Haji Nooruddin Azizi ដែលជារដ្ឋមន្រ្តីពាណិជ្ជកម្មស្តីទីនៃរដ្ឋាភិបាលតាលីបង់ បាននិយាយយ៉ាងដូច្នេះថា «យើងបានស្នើឱ្យទីក្រុងប៉េកាំងអនុញ្ញាតឱ្យយើងក្លាយជា ផ្នែកនៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ព្រមទាំងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ហើយឥឡូវនេះ ពួកយើង​កំពុងតែជជែកលើបញ្ហាបច្ចេកទេស»។ ច្រករបៀងសេដ្ឋកិច្ចប៉ាគីស្ថាន សំដៅទៅលើ កំណាត់សំខាន់ធំមួយនៃគម្រោង BRI នៅក្នុងប្រទេសជិតខាង​អាហ្វហ្កានីស្ថានមួយនេះ។ បើតាមលោក Azizi រដ្ឋាភិបាលតាលីបង់ ក៏នឹងបញ្ជូនក្រុមបច្ចេកទេសមួយ ឱ្យធ្វើដំណើរទៅចិនផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានព្យាយាមអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួន ជាមួយរដ្ឋាភិបាលតាលីបង់ ដែលបានឡើងគ្រប់គ្រងអំណាច នៅប្រទេស​អាហ្វហ្កានីស្ថាន ចាប់តាំងតែពីឆ្នាំ២០២១មក បើទោះបីជាអន្តរជាតិមិនទាន់ទទួលស្គាល់តាលីបង់ ជារដ្ឋាភិបាលស្របច្បាប់ក៏ដោយ។ កាលពីខែកញ្ញា ចិនបានក្លាយជាប្រទេសដំបូងគេ ដែលបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំទីក្រុងកាប៊ុល ខណៈប្រទេសដទៃទៀត បានបន្ត​រក្សាឯកអគ្គរដ្ឋ/រាជទូតចាស់ដដែល ឬតែងតាំងប្រមុខបេសកកម្មការទូត ត្រឹមឋានៈជាភារធារី ដែលមិនចាំបាច់ត្រូវប្រគល់សារតាំងជាផ្លូវការ​ដល់តាលីបង់៕

រូបភាពពី Reuters