(អូតាវ៉ា)​៖ រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Melanie Joy កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ប្រទេសកាណាដា​បានដកអ្នកការទូតចំនួន៤១នាក់ ចេញពីប្រទេសឥណ្ឌា ចំពោះមុខវិវាទជុំវិញករណីឃាតកម្មលើ មេដឹកនាំផ្តាច់ខ្លួននៃក្រុមជនជាតិស៉ីគ (Sikh) ហើយលោកស្រីបានបន្ថែមថា ទីក្រុងអូតាវ៉ា នឹងមិនចាត់វិធានការសងសឹកឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

កាលពីខែមុន ទីក្រុងញូវដែលីបានស្នើឱ្យ ទីក្រុងអូតាវ៉ាកាត់បន្ថយវត្តមានបេសកកម្មការទូតរបស់ខ្លួននៅឥណ្ឌា បន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថា ភ្នាក់ងាររបស់ឥណ្ឌាអាចមានជាប់ពាក់ព័ន្ធ ក្នុងករណីឃាតកម្មកាលពីខែមិថុនា លើលោក Hardeep Singh ដែលត្រូវបានគេបាញ់សម្លាប់ នៅក្រៅព្រះវិហារ Sikh មួយកន្លែង ក្នុងខេត្ត British Columbia នៃប្រទេសកាណាដា។

បើតាមការឱ្យដឹងពីលោកស្រី Joly ទីក្រុងញូវដែលីបានព្រមានដកហូតជាឯកតោភាគី នូវអភ័យឯកសិទ្ធិការទូតរបស់​មន្រ្តីទូតកាណាដាចំនួន៤១នាក់ នៅត្រឹមថ្ងៃសុក្រនេះ លុះត្រាតែពួកគេចាកចេញពីប្រទេសឥណ្ឌា។ លោកស្រីបានបន្តថា វិធានការរបស់ឥណ្ឌាគឺមិនសមហេតុសមផល និងបំពាន​អនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។

លោកស្រីប្រមុខការទូតកាណាដា បានលើកឡើងយ៉ាងដូច្នេះថា «ដោយសារតែផលប៉ះពាល់នៃសកម្មភាពរបស់ឥណ្ឌា លើសុវត្ថិភាពនៃ​ក្រុមមន្រ្តីទូតរបស់យើង ពួកយើងបានជួយសម្រួលឱ្យពួកគេបានចាកចេញ ពីប្រទេសឥណ្ឌា​ដោយសុវត្ថិភាព។ ប្រសិនបើយើង បណ្តោយ​ឱ្យបទដ្ឋាននៃអភ័យឯកសិទ្ធិការទូតរងការបំផ្លាញ នោះនឹងពុំមានអ្នកការទូតណានៅលើពិភពលោក ដែលមានសុវត្ថិភាពឡើយ ដូច្នេះហើយ យើងនឹងមិនចាត់វិធានការតបតទៅវិញនោះទេ»

គួរបញ្ជាក់ថា បើតាមលោកស្រី Joly នាពេលនេះ កាណាដាមានមន្រ្តីការទូតចំនួន២១នាក់ ស្ថិតនៅក្នុងប្រទេសឥណ្ឌា។ សម្រាប់៤១នាក់ ដែលចាកចេញ គឺអមដោយសមាជិកគ្រួសាររបស់ពួកគេ សរុបចំនួន៤២នាក់៕

រូបភាពពី Xinhua