(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិកបាននិយាយថា មន្ទីរបញ្ចកោណមានផែនការបញ្ជូនប្រព័ន្ធការពារមីស៉ីល Iron Dome ចំនួន ២គ្រឿងដែលបានទិញពីអ៉ីស្រាអែល ទៅឱ្យអ៉ីស្រាអែលវិញ ដើម្បីជួយការពារខ្លួនប្រឆាំងនឹងមីស៉ីលចូលមកក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

ក្រសួងការពារជាតិអាមេរិក បានប្រាប់សមាជិកសភាក្នុងសេចក្ដីជូនដំណឹងខ្លួនមួយថា ខ្លួនគ្រោងនឹងជួលប្រព័ន្ធការពារមីស៉ីល Iron Dome ត្រឡប់ទៅអ៊ីស្រាអែលវិញ ខណៈមន្ត្រីអាមេរិក និងជំនួយការសភា បានប្រាប់ Reuters ថា ចំណុចនេះមាននៅក្នុងបែបបទនៃកិច្ចព្រមព្រៀងទិញ-លក់ ដោយម្ចាស់កម្មសិទ្ធិនៅតែជាអ្នកទិញ។ ការបញ្ជូនត្រឡប់ទៅវិញនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីមានការព្រមព្រៀងគ្នានេះ។ ប៉ុន្តែខាងមន្ទីរបញ្ចកោណមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា សេតវិមានកាលពីដើមសប្តាហ៍នេះ បានប្រកាសថា នឹងបំពេញតាមការស្នើសុំជំនួយផ្នែកសន្តិសុខបន្ថែមពីអ៉ីស្រាអែល ឲ្យបានលឿនតាមដែលអាចធ្វើទៅ បាន។ លោក បៃដិន បានសន្យាថានឹងមានការបំពេញបន្ថែមនូវឧបករណ៍ស្ទាក់ចាប់មីស៉ីល ដូចជា Iron Dome របស់អ៉ីស្រាអែល ក៏ដូចជាគ្រាប់រំសេវ បន្ថែមពីលើការ បង្កើនវត្តមានយោធាអាមេរិកនៅក្នុងតំបន់៕

រូបភាពពី AFP