(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឲ្យដឹងថាកំពុងសម្របសម្រួលគោលនយោបាយសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងរបស់ខ្លួន ជាមួយចិន ដែលជាផ្នែកមួយនៃសម្ព័ន្ធភាពដ៏ជិតស្និទ្ធ ក្រោយដំណើរទស្សនកិច្ចរបស់លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Mikhail Bogdanov បានបើកកិច្ចពិភាក្សាក្នុងទីក្រុងដូហា (Doha) ជាមួយលោក Zhai Jun បេសកជនពិសេសរបស់ចិន ទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា ដោយបានផ្លាស់ប្តូរទស្សនគ្នាអំពីជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ្គាហ្សា។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៉ី បានគូសបញ្ជាក់ថា «មានការបញ្ជាក់ពីការយកចិត្តទុកដាក់របស់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង លើការសម្របសម្រួល យ៉ាងជិតស្និទ្ធចំពោះកិច្ចខិតខំប្រឹងប្រែង ដោះស្រាយនយោបាយនៃបញ្ហានេះ និងវិបត្តិផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»

គួរបញ្ជាក់ថា រុស្ស៉ី កំពុងព្យាយាមធ្វើជាអាជ្ញាកណ្តាលក្នុងជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ខណៈទម្លាក់កំហុសមួយចំនួនលើសហរដ្ឋអាមេរិកចំពោះ វិបត្តិដែល កំពុងកើតមាននេះ៕

រូបភាពពី Reuters