(រីយ៉ាដ)៖ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានមានព្រះបន្ទូលថាការវាយប្រហារដែលមានគោលដៅ លើជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា គឺជាបទឧក្រិដ្ឋដ៏ឃោរឃៅ និងព្រមានពីផលវិបាកដ៏គ្រោះថ្នាក់ ប្រសិនបើសង្រ្គាមអ៉ីស្រាអែល និងហាម៉ាស ផ្ទុះរាលដាលកាន់តែធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន មានព្រះបន្ទូលបែបនេះ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ដែលបំពេញទស្សនកិច្ចក្នុងទីក្រុង រីយ៉ាដ បន្ទាប់ពីធ្វើទស្សនកិច្ចនៅអ៉ីស្រាអែល ដើម្បីជំរុញឱ្យមានការបើកច្រកផ្ដល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា។ ក្នុងជំនួបនោះ ព្រះអង្គម្ចាស់រជ្ជទាយាទ ក៏បានអះអាងឡើងវិញផងដែរថាអារ៉ាប៊ីសាអូឌីត ចាត់ទុកការវាយប្រហារដែលមានគោលដៅលើជនស៊ីវិលក្នុងតំបន់ហ្កាហ្សា ជាបទឧក្រិដ្ឋដ៏ឃោរឃៅ និងបានសង្កត់ ធ្ងន់ពីភាពចាំបាច់ក្នុងការផ្ដល់ការគាំពារដល់ជនស៊ីវិល។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sunak និងព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន បានឯកភាពគ្នា ថាការបាត់បង់អាយុជីវិតជនស៊ីវិល ទាំងនៅអ៉ីស្រាអែល និងហ្កាហ្សា ក្នុងរយៈពេលជាង ២សប្ដាហ៍មកនេះគឺជារឿងរន្ធត់ជាទីបំផុត និងបានលើកឡើងពីភាពចាំបាច់ នៃការបើកច្រកមនុស្សធម៌ទៅក្នុងតំបន់ហ្កាហ្សា ដើម្បីផ្ដល់ជំនួយបន្ទាន់ដូចជាទឹក ចំណីអាហារ និងថ្នាំពេទ្យ៕

រូបភាពពី AFP