(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាចិនមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ៥០០គ្រាប់ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយអាចនឹងមានក្បាលគ្រាប់លើស ១,០០០គ្រាប់ ឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងការធ្វើបទបង្ហាញខ្លីៗលើរបាយការណ៍ប្រចាំឆ្នាំស្ដីពីយោធាចិន ទៅកាន់ក្រុមអ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានកត់សម្គាល់ដូច្នេះថា «យើងឃើញថា សាធារណរដ្ឋប្រជាមានិតចិន កំពុងធ្វើទំនើបកម្ម ពិពិធកម្ម និងពង្រីកកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់រហ័ស...អ្វីដែលពួកគេកំពុងធ្វើក្នុងពេលបច្ចុប្បន្ន បើអ្នក ប្រៀបធៀបទៅនឹងអ្វីដែលពួកគេបានធ្វើកាលពី១០ឆ្នាំមុន គឺពិតជាខុសគ្នាឆ្ងាយណាស់»។ បើតាមរបាយការណ៍ប្រចាំឆ្នាំដដែល កងទ័ពជើងទឹកចិនមាននាវា និងនាវាមុជទឹកច្រើនជាង ៣៧០គ្រឿង ធៀបទៅនឹងកាលពីឆ្នាំ២០២២ មាន៣៤០គ្រឿង។

តែទោះជាចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន មានការកើនឡើងក៏ពិតមែន ក៏នៅតែជាចំនួនតិចឆ្ងាយពីសហរដ្ឋអាមេរិក និងរុស្ស៉ី។ សហរដ្ឋអាមេរិកមានក្បាលគ្រាប់ នុយក្លេអ៊ែរ ក្នុងឃ្លាំងស្តុក ៣,៧០០គ្រាប់ និងជាង ១,៤១៩គ្រាប់ជាក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រអាចធ្វើប្រតិបតិ្តការបាន។ ចំណែក រុស្ស៉ីមានក្បាលគ្រាប់នុយក្លេអ៊ែរ យុទ្ធសាស្ត្រអាចធ្វើប្រតិបតិ្តការបាន ១,៥៥០គ្រាប់ និងមាននៅក្នុងឃ្លាំងស្ដុក ៤,៤៨៩គ្រាប់។

ចិនត្រូវបានរាយការណ៍ថាមានក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចធ្វើប្រតិបតិ្តការបានចំនួន ៤០០គ្រាប់ កាលពីឆ្នាំ២០២១ និងគិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ មានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ៥០០គ្រាប់៕

រូបភាពពី Reuters