(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ បានឱ្យដឹងថានាវាចម្បាំងមួយគ្រឿងរបស់កងទ័ពអាមេរិក ក្នុងតំបន់សមុទ្រក្រហម នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបាញ់ទម្លាក់ មីស៊ីល និងយន្ដហោះដ្រូន ដែលត្រូវបានបាញ់ដោយក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ទំនងឆ្ពោះទៅរកអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានប្រាប់អ្នកសារព័ត៌មានថា មីស៊ីលគ្រូស ៣គ្រាប់ និងយន្ដហោះដ្រូនជាច្រើនគ្រឿងត្រូវបានស្ទាក់ចាប់បំផ្លាញ ដោយនាវាពិឃាដមួយគ្រឿង ហើយការវាយប្រហារនេះធ្វើឡើងដោយក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ដោយមានគោលដៅទំនងឆ្ពោះទៅរកអ៉ីស្រាអែល។ លោក Ryder បន្តថាមិនមានកងទ័ពអាមេរិកណាម្នាក់រងរបួសនោះទេ ហើយមីស៊ីលដែលត្រូវបានស្ទាក់បំផ្លាញបានធ្លាក់ចូលសមុទ្រ។ «យើងមិនអាចបញ្ជាក់ឱ្យច្បាស់ៗថា មីស៊ីលទាំងនេះមានគោលដៅវាយប្រហារលើទីណានោះទេ ប៉ុន្តែវាត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ឆ្ពោះទៅកាន់ភាគខាងជើងតាមបណ្ដោយសមុទ្រក្រហម»។ នេះជាការគូសបញ្ជាក់របស់លោក Ryder។

គួរបញ្ជាក់ថា នាវាពិឃាដ USS Carney កំពុងធ្វើប្រតិបត្តិការល្បាត ក្នុងតំបន់សមុទ្រក្រហម ជាផ្នែកមួយនៃការពង្រឹងវត្តមានយោធាអាមេរិកតាមបទបញ្ជារបស់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមអ៉ីស្រាអែល និងហាម៉ាស រាលដាលទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕

រូបភាពពី AFP