(ហ្កាហ្សា)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រាប់កងទ័ពអ៉ីស្រាអែលដែលកំពុងប្រមូលផ្ដុំនៅតំបន់ព្រំដែន ហ្កាហ្សា ត្រៀមលក្ខណៈឱ្យបានរួចរាល់ ដើម្បីវាយលុកចូលតំបន់មួយនេះក្នុងពេលឆាប់ៗ ក្នុងគោលដៅកម្ចេចក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

អ៉ីស្រាអែល គិតត្រឹមកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា នៅតែបន្តទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែលជាង ១,៤០០នាក់ ខណៈមនុស្សជាង ៣,៧០០នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់ អ៉ីស្រាអែលលើតំបន់ហ្កាហ្សា។ មិនតែប៉ុណ្ណោះ អ៉ីស្រាអែលក៏កំពុងបិទខ្ទប់តំបន់ហ្កាហ្សាដែលមានប្រជាជនជាង២.៣លាននាក់រស់នៅទាំងស្រុងផងដែរ។

ថ្លែងប្រាប់កងទ័ពអ៉ីស្រាអែល ដែលកំពុងប្រមូលផ្ដុំនៅតំបន់ហ្កាហ្សា លោក Yoav Gallant បានលើកឡើងដូច្នេះថា «បច្ចុប្បន្ន អ្នកទាំងអស់គ្នាកំពុងសម្លឹងមើល ហ្កាហ្សាពីចម្ងាយ ប៉ុន្តែក្នុងពេលឆាប់ៗនេះ អ្នកទាំងអស់គ្នានឹងត្រូវចូលទៅក្នុងតំបន់នេះ»។ លោកបន្ថែមកងទ័ពអ៉ីស្រាអែលមិនទាន់សម្រុកចូលក្នុងតំបន់ហ្កាហ្សា ដ្បិត មេដឹកនាំបរទេសជាច្រើនកំពុងធ្វើទស្សនកិច្ចនៅអ៉ីស្រាអែល។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែលក៏បានទទួលស្គាល់ដែរថាការធ្វើសង្រ្គាមជាមួយ ក្រុមហាម៉ាស អាចនឹងចំណាយ​ពេលយូរ និងលំបាក។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៉ីស្រាអែល មនុស្សជាង ២០០នាក់ ត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង ក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា៕

រូបភាពពី Reuters