(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពីបទ «រើសអើងជាតិសាសន៍» នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលអត្តពលិករុស្ស៊ី និងបេឡារុស្ស ត្រូវបានហាមប្រាមមិនឱ្យចូលរួមប្រកួតក្រោមទង់ជាតិរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

លោក ពូទីន បាននិយាយនៅក្នុងវេទិកាកីឡាមួយនៅទីក្រុង Ural នៃតំបន់ Perm ដូច្នេះថា «សូមអរគុណដល់មេដឹកនាំមួយចំនួននៃ IOC សម័យទំនើប យើងបានរកឃើញថា ការអញ្ជើញចូលរួមប្រកួតកីឡាអូឡាំពិក មិនមែនជាសិទ្ធិដោយគ្មានលក្ខខណ្ឌសម្រាប់អត្តពលិកឆ្នើមនោះទេ ប៉ុន្តែជាឯកសិទ្ធិជាក់លាក់ដែលអ្នកអាចទទួលបាន ជាមួយនឹងកាយវិការនយោបាយមួយចំនួន ជាជាងជាមួយនឹងសមិទ្ធិផលកីឡា»។

លោក​បាន​បន្ថែម​ថា​ ​«កីឡាអូឡាំពិកខ្លួនឯងអាចត្រូវបានប្រើប្រាស់ជាឧបករណ៍មួយ ដើម្បីដាក់សម្ពាធនយោបាយលើអ្នកដែលមិនមានអ្វីដែលត្រូវជាមួយនយោបាយរបស់ខ្លួន ហើយជាការពិតគឺជាទម្រង់នៃការរើសអើងជាតិសាសន៍ធ្ងន់ធ្ងរ ការរើសអើងជាតិសាសន៍»។

ក្រោយមកលោក ពូទីន បាននិយាយថា លោកជឿជាក់ថា ស្ថាប័នកីឡា និងសហព័ន្ធថ្មីនឹងជំនួសមកវិញនូវអ្វីដែលលោកហៅថាកីឡាអន្តរជាតិដែលមានស្រាប់ថា «ផ្តាច់មុខ» សម្រាប់លោកខាងលិច​​​។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានព្យួរគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ីសម្រាប់ការរំលោភលើបូរណភាពទឹកដីរបស់អ៊ុយក្រែន។ ទោះយ៉ាងណា IOC មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយ ថាតើអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងមូស្គូក្នុងការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតនៅរដូវក្តៅក្រោយនៅឡើយទេ៕

រូបភាពពី AFP