(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិន «ប្រញាប់ប្រញាល់ធ្វើការវិនិច្ឆ័យ» បន្ទាប់ពីមានការទម្លាក់គ្រាប់បែកនៅមន្ទីរពេទ្យហ្គាហ្សា កាលពីថ្ងៃអង្គារនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

លោកបានអំពាវនាវឱ្យមានការឆ្លើយតប «ត្រជាក់ និងស្ងប់ស្ងាត់» ខណៈដែលទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសបានអះអាងថា ភាគីម្ខាងទៀតទទួលខុសត្រូវចំពោះការផ្ទុះនៅមន្ទីរពេទ្យ Al-Ahli ក្នុងទីក្រុង Gaza ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់។

ថ្លែងនៅក្នុងសភា លោក Sunak បាននិយាយដូច្នេះថា «សេវាស៊ើបការណ៍របស់យើង បាននិងកំពុងវិភាគយ៉ាងឆាប់រហ័សនូវភស្តុតាង ដើម្បីបង្កើតអង្គហេតុដោយឯករាជ្យ។ យើងមិនអាចបង្ហាញព័ត៌មានបន្ថែមបានទេនៅពេលនេះ»

នៅថ្ងៃបន្ទាប់ លោកបាននិយាយថា «នេះច្បាស់ជាស្ថានភាពស្មុគ្រស្មាញនៅលើមូលដ្ឋាន ប៉ុន្តែវាជាការត្រឹមត្រូវដែលយើងដោះស្រាយវាដោយចិត្តត្រជាក់ និងស្ងប់ស្ងាត់ មិនប្រញាប់ធ្វើការវិនិច្ឆ័យ ហើយចំណាយពេលដើម្បីយល់ពីអ្វីដែលបានកើតឡើង (ហើយ) នេះជាអ្វីដែលយើងកំពុងធ្វើ»

វិធីសាស្រ្តរបស់ លោក Sunak ខុសពីប្រធានាធិបតីអាមេរិក លោក Joe Biden ដែលបាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ថា ការទម្លាក់លើមន្ទីរពេទ្យនេះ «មើលទៅហាក់ដូចបណ្តាលមកពីក្រុមផ្សេង មិនមែនអ៊ីស្រាអែលជាអ្នកបង្កឡើងទេ»

រូបភាពពី AFP