(ព្យុងយ៉ាង)៖ ក្រសួងការបរទេសរុស្ស៉ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោក សឺហ្គៃ ឡារ៉ូវ បានជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយ ខណៈប្រទេសទាំងពីរកំពុងពង្រឹងទំនាក់ទំនងកាន់តែជិតស្និត នៅចំពោះមុខអ្វីដែលពួកគេមើលឃើញដូចគ្នាថា ជាការបង្កហេតុពីប្លុកលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយ TASS របស់រុស្ស៉ីបានរាយការណ៍ថា ជំនួបរវាង លោក ឡារ៉ូវ ជាមួយ លោក គីម មានរយៈពេលជាងមួយម៉ោង ប៉ុន្តែក្រសួងការបរទេសមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ដំណើរទស្សនកិច្ចរបស់ លោក ឡារ៉ូវ នៅកូរ៉េខាងជើងត្រូវបាន គេមើលឃើញថា អាចនឹងត្រួសត្រាយឲ្យមានដំណើរទស្សនកិច្ចរបស់ លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង។

គួរបញ្ជាក់ថា នៅពេលទៅដល់ទីក្រុងព្យុងយ៉ាងភ្លាម លោក ឡារ៉ូវ បានថ្លែងអំណរគុណកូរ៉េខាងជើងដែលបានគាំទ្រកិច្ចប្រឹងប្រែងធ្វើ សង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយបានសន្យាថាទីក្រុងមូស្គូ នឹងផ្តល់ការគាំទ្រយ៉ាងពេញលេញសម្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ លោក ឡារ៉ូវ ក៏បានប្រាប់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Sun Hui ថា ក្រោយកិច្ចប្រជុំកំពូលកន្លងទៅនេះ ទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់កម្រិតថ្មីមួយទៀត៕

រូបភាពពី Reuters