(ប៉េកាំង)៖ ការសម្រេចបាននូវការធ្វើទំនើបភាវូបនីយកម្ម គឺជាការស្វែងរករួមរបស់មនុស្សគ្រប់រូប ហើយក៏ជាបញ្ហាពិបាកជាសកលផងដែរ ។ តើប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយសម្រេចបាន នូវការធ្វើទំនើបកម្មតាមរបៀបណា? ក្នុងពិធីបើកវេទិកាកំពូល "ខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ ដែលធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះដោយលើកឡើងថា ប្រទេសចិនរីករាយធ្វើឱ្យស៊ីជម្រៅ នូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ "ខ្សែក្រវាត់និងផ្លូវ" ជាមួយបណ្តាភាគីនានា ជំរុញការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ឱ្យឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្ម នៃបណ្តាប្រទេសនានាលើពិភពលោក។ ព្រមពេលជាមួយគ្នានេះ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសសកម្មភាពចំនួនប្រាំបីចំណុច របស់ប្រទេសចិនក្នុងការគាំទ្រការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ដែលមជ្ឈដ្ឋានខាងក្រៅ អាចមើលឃើញនូវចក្ខុវិស័យដ៏ល្អបវរនិងផ្លូវអភិវឌ្ឍន៍ ដែលគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" នឹងស្វែងរកក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់។

ប្រឈមមុខនឹងភាពមិនប្រាកដប្រជា នៃភាពបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍កន្លងមក ក៏ដូចជាហានិភ័យនិងបញ្ហាប្រឈមជាសាកល លោកប្រធានរដ្ឋចិន Xi Jinping បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញ យ៉ាងមុតមាំនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ។ សកម្មភាពទាំងប្រាំបីចំណុច ដែលលើកឡើងដោយប្រទេសចិនមានគោលដៅច្បាស់លាស់ វិធានការមានភាពប្រាកដប្រជាដែលស៊ីសង្វាក់គ្នា ជាមួយតម្រូវការអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី ដើម្បីចង្អុលបង្ហាញនូវទិសដៅសម្រាប់ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករដល់ការធ្វើទំនើបកម្មរបស់ពិភពលោក ដែលបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ ក្នុងការជំរុញការធ្វើកិច្ចសហប្រតិបត្តិការសកលនិងជំរុញការអភិវឌ្ឍរួម។

រោងចក្រដែកថែប Smederevo របស់ប្រទេសស៊ែប៊ីបានលេចចេញកម្លាំងរស់រវើកឡើងវិញ ប្រទេសម៉ាល់ឌីវមានស្ពានឆ្លងសមុទ្រដំបូងគេបង្អស់ ក្នុងប្រវត្តិសាស្ត្រ ទីជនបទឆ្ងាយដាច់ស្រយាលនៅក្នុងប្រទេសនីហ្សេរីយ៉ា បានតភ្ជាប់ជាមយបណ្តាញអ៊ីនធើណេត។ល។ បន្ទាប់ពីចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ"ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក គម្រោងដែលមានភាពជាតំណាងមួយចំនួនទទួលបាន សមិទ្ធផលដ៏ធំធេងដែលជំរុញឱ្យបណ្តាប្រទេសនានាសម្រេចបាន នូវការអភិវឌ្ឍរបស់ខ្លួន ហើយក៏បានពន្លឿនដំណើរនៃការស្វែងរក ការធ្វើទំនើបកម្មរបស់ពួកគេផងដែរ។

គួរំលឹកថា ក្នុងមួយរយៈពេលជាយូរណាស់មកហើយ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបានធ្លាក់ក្នុងភាពភាន់ច្រឡំថា "ការធ្វើទំនើបភាវូបនីយកម្ម គឺ ស្មើនឹងការធ្វើបស្ចិមភាវូបនីយកម្ម" ពូកគេបានធ្វើតាមរូបមន្តនៃបស្ចិមប្រទេស ប៉ុន្តែវាមិនសមស្របនឹងស្ថានការណ៍ជាក់ស្តែងរបស់ខ្លួន ហើយពួកគេរំពឹងទុករកបានវិធីសាស្ត្រថ្មីក្នុងពេលឆាប់ៗ ។ បន្ទាប់ពីបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" រយៈពេល ១០ ឆ្នាំមក ចិនបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ស្តីពីការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នាដែលជំរុញឱ្យប្រទេសខ្លួន និងប្រទេសពាក់ព័ន្ធសម្រេចបាននូវការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ដោយឈរនៅទីចាប់ផ្តើមថ្មី ការរួមគ្នាកសាង" ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់នឹងផ្តល់នូវវិធីសាស្ត្រដ៏មានប្រសិទ្ធភាព សម្រាប់បណ្តាប្រទេសនានាក្នុងការរួមគ្នាសម្រេចបាននូវការធ្វើទំនើបកម្ម។

សកម្មភាពទាំងប្រាំបីចំណុចដែលប្រទេសចិនបានប្រកាសលើកនេះ រួមមានការបង្កើតបណ្តាញតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយអំពី "ខ្សែក្រវាត់និងផ្លូវ" គាំទ្រការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការអភិវឌ្ឍបៃតងនិងជំរុញការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាជាដើម មិនពិបាកឃើញថា សកម្មភាពទាំងនេះមិនត្រឹមតែអាចឆ្លើយតបនឹងបញ្ហាប្រឈមមួយចំនួន ដូចជាកម្លាំងចលករនៃការស្តារសេដ្ឋកិច្ចសកល ឡើងវិញនាពេលបច្ចុប្បន្នមានភាពថមថយចុះជាដើមប៉ុណ្ណោះទេ ថែមទាំងក៏នឹងស៊ីសង្វាក់គ្នាជាមួយចរន្តអភិវឌ្ឍន៍ នៃសម័យកាលនិងបច្ចេកវិទ្យា ក៏ដូចជាមានវិធានការដ៏ប្រាកដប្រជាផង ហើយក៏មានយន្តការរយៈពេលវែងផងដែរ ដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការធ្វើទំនើបកម្មរបស់ពិភពលោក។

ក្នុងរយៈពេល ១០ ឆ្នាំមាសបន្ទាប់មួយទៀត ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ នឹងនាំមកនូវកាលានុវត្តនភាពថ្មីសម្រាប់បណ្តាប្រទេសនានាក្នុងការរួមគ្នា សម្រេចបាននូវការធ្វើទំនើបកម្ម ក្នុងន័យរួមគ្នាជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៕ ​

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន