(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា លោក យូន ស៊ុកយុល (Yoon Suk Yeol) នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងកាតា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៣ ហើយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាជីវកម្ម រួមទាំងបញ្ហាសន្តិសុខពាក់ព័ន្ធជម្លោះអ៉ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

ទីប្រឹក្សារងសន្តិសុខជាតិ លោក គីម ថេយ៉ូ (Kim Tae-hyo) បានប្រាប់សន្និសីទសារព័ត៌មានមួយថា កូរ៉េខាងត្បូង មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើង នូវការស្លាប់ជនស៊ីវិលក្នុងជម្លោះអ៉ីស្រាអែល និងប៉ាឡេស្ទីន ហើយនឹងផ្តល់ជំនួយក្រោមហេតុផលមនុស្សធម៌សុទ្ធសាធ។ លោក យូន ក៏នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយ អារ៉ាប៊ីសាអូឌីត និងកាតាដោយផ្តោតលើការនាំយកសន្តិភាពមកកាន់តំបន់ និងការជំរុញសន្តិសុខជាតិរបស់កូរ៉េខាងត្បូង។

នៅប្រទេសកាតាវិញ លោក យូន នឹងរៀបចំកិច្ចប្រជុំកំពូលជាមួយព្រះអង្គម្ចាស់ ថាមីម ប៊ីន ហាម៉ាត់អាល់ថានី (Tamim bin Hamad al-Thani) នៅថ្ងៃពុធសប្តាហ៍ក្រោយ បន្ទាប់មកនឹងចូលរួមក្នុងវេទិកាធុរកិច្ច។

គួរបញ្ជាក់ថា ប្រសិនបើមិនមានការប្រែប្រួលទេ នោះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកូរ៉េខាងត្បូង លោក យូន ទៅកាន់អារ៉ាប៊ីសាអូឌីត និងតិចជាង១ឆ្នាំបន្ទាប់ពីរជ្ជទាយាទអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាល់ម៉ាន់ បំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង៕

រូបភាពពី AFP