(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ចិនបាននិយាយថា ខ្លួនមានការខកចិត្តជាខ្លាំង ដោយសារតែការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលបានបោះឆ្នោតវ៉េតូ ចំពោះសេចក្តីសម្រេចមួយ របស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលអំពាវនាវឱ្យមាន បទឈប់បាញ់ក្នុងបុព្វហេតុមនុស្សធម៌ សម្រាប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយដូច្នេះថា «ចិនខកចិត្តជាខ្លាំងដែលសហរដ្ឋអាមេរិកសម្រេចចិត្ត រារាំងមិនឱ្យក្រុមប្រឹក្សាសន្តិសុខ UN អនុម័តសេចក្តីព្រាងដំណោះស្រាយ ស្តីពីបញ្ហាប៉ាឡេស្ទីន»។ ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យចិន ក៏បានអំពាវនាវផងដែរ ឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ អនុវត្តតួនាទីរបស់ខ្លួន ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវបទឈប់បាញ់ ហើយបញ្ឈប់សង្រ្គាម។ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ថែមទាំងបាននិយាយថា ប្រទេសចិនចង់ឱ្យសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស អាចត្រូវបញ្ឈប់ទៅវិញក្នុងពេលឆាប់ៗតាមតែអាចទៅរួច ហើយទីក្រុងប៉េកាំង មានឆន្ទៈខិតខំធ្វើការជាមួយក្រុមប្រទេសអារ៉ាប់ ដើម្បីស្វែងរក​ដំណោះស្រាយដែលមានប្រសិទ្ធភាពយូរអង្វែង សម្រាប់បញ្ហាជម្លោះ។

គួរបញ្ជាក់ថា ដំណោះស្រាយខាងលើស្នើឡើងដោយប្រទេសប្រេស៊ីល រួមមានបញ្ចូលការថ្កោលទោលការវាយប្រហាររបស់ ក្រុមហាម៉ាសលើអ៉ីស្រាអែល ប៉ុន្តែអាមេរិក ថាមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការបញ្ជាក់ពីសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល ហើយនេះក៏មិនមែនជារឿងចម្លែកនោះដែរ ពីព្រោះជាប្រពៃណីទៅហើយ ដែលសហរដ្ឋអាមេរិកប្រើសិទ្ធិវ៉េតូ ជារនាំងការពារអ៉ីស្រាអែលនៅឯ UN។ ដំណោះស្រាយនោះ ទទួលបានសំឡេងគាំទ្រ ១២សំឡេង ខណៈរុស្ស៉ី និងអង់គ្លេស បានបោះឆ្នោតអនុបវាទ។ ដើម្បីអនុម័តលើដំណោះស្រាយមួយ គេត្រូវការសំឡេងគាំទ្រយ៉ាងតិច ៩ ហើយគ្មានការវ៉េតូពីសមាជិកអចិន្ត្រៃយ៍ណាមួយក្នុងចំណោម ៥​ រួមមានសហរដ្ឋអាមេរិក រុស្ស៉ី ចិន បារាំង និងអង់គ្លេស៕

រូបភាពពី Reuters