(ព្យុងយ៉ាង)៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានថ្លែងរិះគន់លើគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះកូរ៉េខាងជើង ថាប្រកបដោយគ្រោះថ្នាក់ អំលុងពេលលោកកំពុងបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ហើយទន្ទឹមគ្នាលោក Lavrov បានលើកសរសើរអំពីកម្រិតទំនាក់ទំនងថ្មី និងជាយុទ្ធសាស្រ្ត រវាងទីក្រុងមូស្គូនិងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។
លោក Lavrov បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ដូចមិត្តកូរ៉េខាងជើងរបស់យើង គឺពួកយើងព្រួយបារម្ភជាខ្លាំង អំពីការបង្កើនសកម្មភាពយោធារបស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅក្នុងតំបន់ ព្រមទាំងគោលនយោបាយរបស់អាមេរិកស្តីពីកូរ៉េខាងជើង។ យើងប្រឆាំងចំពោះខ្សែបន្ទាត់ដែលគ្មានការស្ថាបនា និងប្រកបដោយគ្រោះថ្នាក់នេះ»។ នៅចំពោះមុខការធ្វើតេស្តសព្វាវុធរបស់កូរ៉េខាងជើង ទីក្រុងសេអ៊ូលបានបោះជំហានខំប្រឹងពង្រឹងទំនាក់ទំនងសន្តិសុខ ជាមួយសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួនគឺសហរដ្ឋអាមេរិក ហើយស្របពេលគ្នាដែរ បានចូលរួមក្នុងសម្ព័ន្ធភាពការពារជាតិត្រីភាគីថ្មី ដែលរួមមានទាំងជប៉ុន។
លោក Lavrov ក៏បានគូសរំលេចពីភាពកាន់តែជិតស្និទ្ធនៃទំនាក់ទំនងរុស្ស៉ី ជាមួយកូរ៉េខាងជើងផងដែរ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីខែកញ្ញា អំលុងទស្សនកិច្ចទៅកាន់តំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី។ លោក Lavrov បានប្រាប់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Sun Hui ថា «ក្រោយកិច្ចប្រជុំកំពូលកន្លងទៅនេះ យើងអាចនិយាយដោយជឿជាក់ថា ទំនាក់ទំនងប្រទេសយើងបានឈានដល់កម្រិតថ្មី និងជាយុទ្ធសាស្រ្តមួយ»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោករដ្ឋមន្រ្តីការបរទេសរុស្ស៉ីត្រូវគេរំពឹងថា នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការបំពេញទស្សនកិច្ចរបស់ លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង នាពេលអនាគត។ លោក ពូទីន ទទួលបានការអញ្ជើញពីលោក គីម ជុងអ៊ុន ផ្ទាល់ អំលុងជំនួបកំពូលកាលពីខែកញ្ញា។ លោក Lavrov បានទៅដល់ទីក្រុងព្យុងយ៉ាងកាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ក្រោយអមដំណើរលោក ពូទីន ក្នុងការបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងនៃប្រទេសចិន៕
រូបភាពពី AFP