(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានសម្រេចចិត្តនឹងធ្វើការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនវិញ ដែលត្រូវបានដាក់ទៅលើវិស័យប្រេងនិងឧស្ម័ន ក៏ដូចជាមាសរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីរដ្ឋាភិបាលហើយនិងក្រុមប្រឆាំង នៃប្រទេសអាមេរិកខាងត្បូងមួយនេះ ទើបតែឈានដល់កិច្ចព្រមព្រៀង ដើម្បីរៀបចំការបោះឆ្នោត នៅអំលុងចុងឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

លោក Brian Nelson ដែលជាអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ជាការឆ្លើយតបចំពោះស្ថានការណ៍វិវត្តន៍​នាពេលថ្មីៗនេះ នៃលទ្ធិប្រជាធិបតេយ្យនៅវ៉េណេស៊ុយអេឡា ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានចេញអាជ្ញាបណ្ណទូទៅដែលអនុញ្ញាត ឱ្យ​មានការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឡើងវិញ ពាក់ព័ន្ធវិស័យប្រេងនិងឧស្ម័ន ព្រមទាំងវិស័យមាសរបស់ប្រទេសវ៉េណេស៊ុយអេឡា ហើយនឹងដកចេញវិញ នូវបម្រាមលើការជួញដូរមូលបត្របំណុលក្នុងទីផ្សារបន្ទាប់។ យ៉ាងណាក្តី លោក Nelson បានបន្ថែមថា ការអនុញ្ញាតទាំងនោះអាចនឹង​ត្រូវកែសម្រួលឡើងវិញ ឬក៏លុបចោលតែម្តងនៅពេលណាមួយ ប្រសិនបើកិច្ចព្រមព្រៀងស្តីពីការបោះឆ្នោត នៅវ៉េណេស៊ុយអេឡាដួលរលំ។

កាលពីថ្ងៃពុធ បុគ្គលប្រឆាំងចំនួន៥រូប ដែលជាប់ពន្ធនាគារនៅវ៉េណេស៊ុយអេឡា ក៏ត្រូវបានដោះលែងផងដែរ ក្នុងនោះរួមមានទាំងអ្នកកាសែតឈ្មោះ Roland Carreno និងអតីតសមាជិកសភាឈ្មោះ Juan Requesens ដែលបានជាប់ឃុំឃាំងកាលពីឆ្នាំ២០១៨ ក្រោយមានការវាយប្រហារមួយ លើប្រធានាធីបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀង​រវាងរដ្ឋាភិបាលនិងក្រុមប្រឆាំងវ៉េណេស៊ុយអេឡា កាលបរិច្ឆេទជាក់លាក់នៃការបោះឆ្នោត នឹងត្រូវកំណត់ដោយ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។

ភាគីទាំងពីរបានបន្តកិច្ចពិភាក្សាឡើងវិញ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិនយោបាយនិងសេដ្ឋកិច្ចវ៉េណេស៊ុយអេឡា បន្ទាប់ពីផ្អាកអស់រយៈពេលជិត១ឆ្នាំ។ ក្រុមប្រឆាំងដែលគាំទ្រដោយប្រទេសមួយចំនួន រួមមានទាំងសហរដ្ឋអាមេរិក គឺមិនបានទទួលស្គាល់ការបន្តជាប់ឆ្នោតរបស់លោក Maduro កាលពីឆ្នាំ២០១៨នោះឡើយ ក្រោមការចោទប្រកាន់ថា វាជាការបោះឆ្នោតដែលប្រព្រឹត្តទៅ ដោយការក្លែងបន្លំ។ ចាប់ពី​ពេលនោះ ទីក្រុងវ៉ាស៉ីនតោនក៏បានបង្កើន ទណ្ឌកម្មថែមទៀតប្រឆាំងទីក្រុងការ៉ាកាស ដែលត្រូវបានដាក់ជាលើកដំបូងកាលពីឆ្នាំ២០១៥ ជុំវិញសកម្មភាពបង្រ្កាបបាតុកម្មប្រឆាំងរដ្ឋាភិបាល។

ក៏ប៉ុន្តែវិបត្តិផ្នែកថាមពល ដែលបង្កឡើងដោយសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន បានមើលឃើញមានកិច្ចប្រឹងប្រែងជាសកល ដើម្បីដោះស្រាយ​វិបត្តិនេះនៅវ៉េណេស៊ុយអេឡា ដែលជាប្រទេសមានធនធានប្រេងបម្រុងច្រើនជាងគេបង្អស់លើពិភពលោក។ កាលពីឆ្នាំមុន ប្រតិភូអាមេរិក​បានធ្វើដំណើរទៅដល់ទីក្រុងការ៉ាកាស ដើម្បីជួបលោក Maduro បើទោះបីជាទីក្រុងវ៉ាស៉ីនតោន មិនទទួលស្គាល់រូបលោក ជាមេដឹកនាំ​ស្របច្បាប់ក៏ដោយ៕

រូបភាពពី AFP