(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា ប្រទេសចិនចង់ឱ្យសង្រ្គាមអ៉ីស្រាអែលនិងហាម៉ាស អាចត្រូវបញ្ឈប់ទៅវិញក្នុងពេលឆាប់ៗតាមតែអាចទៅរួច ហើយទីក្រុងប៉េកាំងមានឆន្ទៈខិតខំធ្វើការជាមួយក្រុមប្រទេសអារ៉ាប់ ដើម្បីស្វែងរក​ដំណោះស្រាយដែលមានប្រសិទ្ធភាពយូរអង្វែង សម្រាប់បញ្ហាជម្លោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

លោកប្រធានាធិបតីចិន ក៏បាននិយាយដែរថា បទឈប់បាញ់គឺជារឿងចាំបាច់ ដែលត្រូវតែសម្រេចឱ្យបានក្នុងពេលឆាប់ៗតាមអាចធ្វើទៅរួច ដើម្បីទប់ស្កាត់កុំឱ្យជម្លោះរីកកាន់តែធំ ឬមួយក៏រាលដាលខ្លាំងរហូតគ្រប់គ្រងលែងបាន។ លោក ស៉ី ជីនពីង បានលើកឡើងដូចខាងលើ បន្ទាប់ពីលោកបានជួប​នាយករដ្ឋមន្រ្តីអេហ្ស៉ីបលោក Mostafa Madbouly ដែលជាតំណាងជាន់ខ្ពស់តែម្នាក់គត់មកពីតំបន់មជ្ឈិមបូព៌ា ដែលបានមកចូលរួមវេទិកា​ស្តីពីខ្សែក្រវាត់និងផ្លូវរបស់ចិន ក្នុងសប្តាហ៍នេះ នៅឯទីក្រុងប៉េកាំង។

លោក ស៉ី បានប្រាប់លោក Madbouly ថា ចិនគាំទ្រកិច្ចប្រឹងប្រែងរបស់អេហ្ស៉ីប ក្នុងការអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅ​តំបន់ Gaza។ ការធ្វើអត្ថាធិប្បាយ នាថ្ងៃព្រហស្បតិ៍នេះ គឺជាលើកដំបូងបំផុតដែលលោកប្រធានាធិបតីចិន បាននិយាយពាក់ព័ន្ធទៅនឹងជម្លោះ ដែលបានផ្ទុះឡើងបន្ទាប់ពីក្រុមហាម៉ាសប៉ាឡេស្ទីន បានឆ្មក់ចូលប្រហារក្នុងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលជាហេតុនាំ​ឱ្យអ៉ីស្រាអែលសងសឹកវិញ ដោយធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាមិនធ្លាប់មាន ទៅលើតំបន់ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ អេហ្ស៉ីបនិងសហរដ្ឋអាមេរិក បានព្រមព្រៀងលើការនាំជំនួយមនុស្សធម៌ ចូលទៅកាន់តំបន់ Gaza ក្នុងរបៀបមួយ​ដែលមាននិរន្តរភាព តាមឧបទ្វីប Sinai របស់ហ្ស៉ីប៕

រូបភាពពី Reuters