(មូស្គូ)៖ ក្រសួងស្ថានការណ៍គ្រាអាសន្ននៃប្រទេសរុស្ស៉ី បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីបានបញ្ជូនជំនួយមនុស្សធម៌ចំនួន២៧តោន សម្រាប់ប្រជាជនស៉ីវិលប៉ាឡេស្ទីន នៅឯតំបន់ Gaza Strip ដែលនឹងត្រូវដឹកជញ្ជូនទៅកាន់ទីនោះ ពីប្រទេសអេហ្ស៉ីប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

លោក Ilya Denisov ដែលជាអនុរដ្ឋមន្រ្តីនៃក្រសួងខាងលើ បាននិយាយដូច្នេះថា «យន្តហោះពិសេសមួយ១គ្រឿង បានចេញដំណើរ​ពីព្រលានយន្តហោះនៅក្រុង Ramenskoye ក្បែរទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុង El-Arish នៃប្រទេសអេហ្ស៉ីប។ ជំនួយមនុស្សធម៌របស់រុស្ស៉ី នឹងត្រូវប្រគល់ឱ្យទៅអឌ្ឍចន្ទក្រហមរបស់អេហ្ស៉ីប ដើម្បីបញ្ជូនទៅតំបន់ Gaza Strip»។ បើតាមលោក Denisov ជំនួយនោះរួមមានស្បៀងអាហារ ដូចជាស្រូវសាលី ស្ករ អង្ករ និងមី។

កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ ដែលកំពុងត្រូវការជាចាំបាច់ អាចចូលទៅកាន់តំបន់ Gaza បាន ជាទីដែលប្រជាជនប៉ាឡេស្ទីនប្រមាណជា១លាននាក់ បានរត់ភៀសខ្លួនពី​ផ្ទះសម្បែងរបស់ពួកគេ ចំពោះមុខយុទ្ធនាការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លារបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា ក្រោយមានកិច្ចពិភាក្សាទល់មុខគ្នានៅអ៉ីស្រាអែល បូករួមនិងកិច្ចប្រឹងប្រែងការទូតតាមប្រព័ន្ធទូរសព្ទជាមួយអេហ្ស៉ីប លោក បៃដិន បាននិយាយថា រថយន្តដឹកជំនួយដែលត្រូវបានកំណត់ចំនួន នឹងត្រូវអនុញ្ញាតឱ្យបើកឆ្លងច្រកព្រំដែន Rafah ដែលកន្លងមកនេះ​ត្រូវបានបិទ ពីប្រទេសអេហ្ស៉ីប ចូលទៅកាន់ Gaza ចាប់ពីថ្ងៃសុក្រនេះ៕

រូបភាពពី Reuters