(កៀវ)៖ ការវាយប្រហាររបស់រុស្ស៉ីកាលពីយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់ជនស៉ីវិលចំនួន ១០នាក់ ខណៈក្រុមមន្រ្តីជាន់ខ្ពស់អ៊ុយក្រែន និយាយថា កងទ័ពរបស់ខ្លួនកំពុងមានភាពរីកចម្រើនក្នុងប្រតិបត្តិការវាយបកនៅភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងតាមសារជាវីដេអូមួយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥នាក់ ក្នុងការវាយប្រហារដោយ មីស៉ីលទៅលើអគារលំនៅដ្ឋានមួយ នៅក្នុងទីក្រុងភាគអាគ្នេយ៍នៃតំបន់ Zaporizhzhia។ ក្រុមមន្រ្តីអ៊ុយក្រែនបានឱ្យដឹងដែរថា ស្រ្តីអាយុ ៣១ឆ្នាំម្នាក់ត្រូវបាន សម្លាប់ក្នុងភូមិ Obukhivka នៅតំបន់កណ្តាលទីក្រុង Dnipropetrovsk ហើយបុរសម្នាក់ និងស្ត្រីម្នាក់ទៀត ត្រូវបានសម្លាប់នៅភាគខាងត្បូងតំបន់ខឺសុន (Kherson)។ ដោយឡែក សាកសពមនុស្សពីរនាក់ត្រូវបានទាញចេញពីគំនរបាក់បែក នៃហាងលក់អាហារមួយជិតទីក្រុងម៉ាយកូលេវ (Mykolaiv)។

ឧត្តមសេនីយ៍អ៊ុយក្រែន លោក Oleksandr Tarnavskyi ដែលទទួលបន្ទុកប្រតិបត្តិការរបស់អ៊ុយក្រែននៅភាគខាងត្បូង បានអះអាងថា កងកម្លាំងអ៊ុយក្រែន កំពុងដំណើរការផែនការឆ្ពោះទៅកាន់សមុទ្រ Azov។ កងទ័ពមកពីតំបន់ Tavria ឬក្រុមភាគខាងត្បូងកំពុងបន្តការវាយលុករបស់ពួកគេ ហើយទទួលបាន ជោគជ័យនៅភូមិ Robotyne។

គួរបញ្ជាក់ថា Robotyne គឺជាភូមិមួយក្នុងចំណោមភូមិផ្សេងទៀត នៅភាគខាងត្បូងដែលអ៊ុយក្រែនចង់បានសម្រាប់ឈានទៅ កាត់ផ្ដាច់ស្ពានតភ្ជាប់ទីតាំង របស់រុស្ស៉ីនៅភាគខាងត្បូង និងខាងកើត។ ចំណែក ភាគីរុស្ស៉ីនិយាយថា ឃ្លាំងផ្ទុកសម្ភារការពារអាកាសអ៊ុយក្រែន ត្រូវបានបំផ្លាញនៅភាគកណ្តាលតំបន់ Dnipropetrovsk។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះ បានដោយឯករាជ្យនោះទេ៕

រូបភាពពី Reuters