(ព្យុងយ៉ាង)៖ ក្រសួងការបរទេសរុស្ស៉ី បានឲ្យដឹងថា លោករដ្ឋមន្រ្តី Sergei Lavrov បានថ្លែងអំណរគុណកូរ៉េខាងជើង ដែលបានគាំទ្រកិច្ចប្រឹងប្រែងធ្វើ សង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយបានសន្យាថាទីក្រុងមូស្គូ នឹងផ្តល់ការគាំទ្រយ៉ាងពេញលេញសម្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

នៅពេលទៅដល់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Lavrov បានថ្លែងថា «មូស្គូពិតជាឲ្យតម្លៃចំពោះការគាំទ្ររបស់កូរ៉េខាងជើងសម្រាប់ រុស្ស៉ី។ ដូចគ្នានេះដែរ រុស្ស៉ីក៏នឹងពង្រីកការគាំទ្រប្រកបដោយសាមគ្គីភាពចំពោះសេចក្តីប្រាថ្នារបស់កូរ៉េខាងជើង»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក Lavrov នាពេលនេះនឹងគូសបញ្ជាក់ពី «ឱកាសដ៏សំខាន់» ក្នុងការពង្រឹងទំនាក់ទំនងរវាង ប្រទេសទាំងពីរបន្ថែមទៀត។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៉ីនៅកូរ៉េខាងជើង ក៏នឹងត្រួសត្រាយផ្លូវឲ្យមានការរៀបចំដំណើរទស្សនកិច្ច របស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន មកកាន់ទីក្រុងព្យុងយ៉ាងផងដែរ។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងព្រួយបារម្ភអំពីការកើនឡើងនៃ ទំនាក់ទំនងរវាងរុស្ស៉ី និងកូរ៉េខាងជើង ហើយបានបង្កើនការធ្វើសមយុទ្ធយោធារួមគ្នាជាមួយជប៉ុន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីកូរ៉េខាងជើង៕

រូបភាពពី Reuters