(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថាខ្លួនប្រទះឃើញយន្ដហោះនៃកងកម្លាំងទ័ពអាកាសចិន ១៣គ្រឿងបានហោះចូលក្នុងតំបន់ កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះកងកម្លាំងទ័ពអាកាសចិន ក្នុងនោះរួមមានយន្ដហោះចម្បាំង និងយន្ដហោះដ្រូន ដែលកំពុងអមដំណើរ នាវាចម្បាំងចិនដឹកនាំការល្បាតប្រយុទ្ធ និងការធ្វើសមយុទ្ធ។

តៃវ៉ាន់ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន បានរាយការណ៍ជារឿយៗពីសកម្មភាពយោធារបស់ចិននៅក្បែរដែនកោះរបស់ខ្លួន។ ចិនវិញ ក៏បានបង្កើនការធ្វើសកម្មភាពយោធាកាន់តែច្រើនឡើងក្បែរកោះតៃវ៉ាន់ផងដែរ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាការឆ្លើយតបទៅនឹងអ្វី ដែលទីក្រុងប៉េកាំងហៅថាជាការគប់គិតគ្នារវាងកងកម្លាំងទាមទារឯករាជ្យតៃវ៉ាន់ និងសហរដ្ឋអាមេរិក៕

រូបភាពពី AFP