(វ៉ាស៊ីនតោន)៖ កងទ័ពអាមេរិកឈរជើង នៅក្នុងប្រទេសអ៉ីរ៉ាក់បានបាញ់ទម្លាក់យន្ដហោះដ្រូន ២គ្រឿង និងយន្ដហោះដ្រូនមួយគ្រឿងផ្សេងទៀត រងការខូចខាត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ប៉ុន្តែមានកងទ័ពសម្ព័ន្ធមិត្តមួយចំនួនបានរងរបួសស្រាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩​ ខែតុលា ឆ្នាំ២០២៣។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ បញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា ឬហៅកាត់ ថា CENTCOM មិនបាននិយាយថាតើនរណាជាអ្នកពីក្រោយការវាយប្រហារយន្ដហោះដ្រូន ២ដាច់ដោយឡែកពីគ្នានេះនោះទេ។ ប៉ុន្តែកងកម្លាំងគាំទ្រ អ៉ីរ៉ង់ ធ្លាប់បានគំរាមវាយប្រហារលើកងទ័ពអាមេរិកក្នុងប្រទេសអ៉ីរ៉ាក់ ដោយសារតែការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះអ៉ីស្រាអែល ក្នុងសង្រ្គាម ប្រឆាំងក្រុមហាម៉ាស។

CENTCOM បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ យោធាអាមេរិកបានធ្វើសកម្មភាពប្រឆាំងយន្ដហោះដ្រូន ៣គ្រឿងដែល ហោះមកក្បែរកងកម្លាំងអាមេរិក និងកងកម្លាំងក្រុមចម្រុះក្នុងប្រទេសអ៉ីរ៉ាក់»។ បញ្ជាការដ្ឋាននេះដដែលបានបន្ថែមថា នៅភាគខាងលិចប្រទេសអ៉ីរ៉ាក់ កងកម្លាំងអាមេរិកបានធ្វើសកម្មភាពប្រឆាំងយន្ដហោះដ្រូន ២គ្រឿង ក្នុងនោះបានបាញ់កម្ទេចមួយគ្រឿង និងបង្កការខូចខាតដល់មួយគ្រឿងផ្សេងទៀត​ តែមានកងកម្លាំងចម្រុះមួយចំនួនរងរបួសស្រាល។ ចំណែក នៅភាគខាងជើងប្រទេសអ៉ីរ៉ាក់វិញ កងកម្លាំងអាមេរិកក៏បានបាញ់កម្ទេចយន្ដហោះដ្រូន មួយគ្រឿងដែរ ដោយមិនបានបង្កឱ្យមានអ្នករងរបួស ឬការខូចខាតនោះទេ។

គួរបញ្ជាក់ថា ការវាយប្រហារដោយយន្ដហោះដ្រូនខាងលើ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ទីរពេទ្យមួយក្នុងតំបន់ហ្កាហ្សារងការវាយប្រហារ កាលពីថ្ងៃអង្គារ ដោយបណ្ដាលឱ្យជនស៊ីវិលរាប់រយអ្នកបានស្លាប់។ ក្រុមហាម៉ាសបានចោទថាការវាយប្រហារនេះជាស្នាដៃរបស់អ៉ីស្រាអែល រីឯអ៉ីស្រាអែល ចោទថាជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយផ្សេងទៀត។ បច្ចុប្បន្ន កងទ័ពអាមេរិកប្រហែលជា ២,៥០០នាក់ និងជាង១ពាន់នាក់ទៀត មកពីកងកម្លាំងចម្រុះអន្តរជាតិប្រឆាំងក្រុម ISIS កំពុងឈរជើងក្នុងប្រទេសអ៉ីរ៉ាក់៕

រូបភាពពី AFP