(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverley បានប្រាប់សភាថា លោកនឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាម្តងទៀតនៅថ្ងៃពុធសប្តាហ៍នេះ ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងការទូតដោះស្រាយជម្លោះអ៊ីស្រាអែល-ហាម៉ាស ដែលប្រភពពីក្រុមមន្ត្រីអង់គ្លេសបាននិយាយថា នឹងរួមបញ្ចូលទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប និងអាចទៅប្រទេសកាតា និងតួកគីផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
ចក្រភពអង់គ្លេសបានអំពាវនាវឱ្យរក្សា «ភាពស្ងប់ស្ងាត់» បន្ទាប់ពីការទម្លាក់គ្រាប់បែកនៅមន្ទីរពេទ្យមួយនៅហ្គាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនមួយចំនួនធំ ហើយបាននិយាយម្តងហើយម្តងទៀតថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មិនត្រូវរីករាលដាលពាសពេញបំតំបន់ឡើយ។
លោកបានប្រាប់សភាដូច្នេះថា «ខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្ត G7 និងដៃគូក្នុងតំបន់ ហើយនឹងទៅទស្សនាកិច្ចតំបន់នេះម្តងទៀតនៅពេលក្រោយ ពីព្រោះយើងទទួលស្គាល់ថា នេះតម្រូវឱ្យមានការខិតខំប្រឹងប្រែងច្រើន»។
លោក Cleverley បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលកាលពីសប្តាហ៍មុន បន្ទាប់ពីការវាយប្រហារយ៉ាងគួរឱ្យភ្ញាក់ផ្អើល របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសលើអ៊ីស្រាអែល។ ទោះជាយ៉ាងណា លោកមិនបានបង្ហាញពីដំណើរជាក់លាក់ នៃគម្រោងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកនេះទេ។
ប្រភពពីមន្ត្រីបានឱ្យដឹងថា នៅក្នុងប្រទេសអេហ្ស៊ីប លោកត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការបើកច្រកព្រំដែនរវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប ដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ និងជម្លៀសពលរដ្ឋចេញពីតំបន់នោះ៕