(ហ្សាការតា)៖ ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីនៅថ្ងៃពុធនេះបានចូលរួមការថ្កោលទោសជាសាកល ចំពោះការវាយប្រហារតាមអាកាសកាលពីយប់មិញ របស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យមួយ នៅតំបន់ហ្គាហ្សាស្ទ្រីបដែលបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរាប់រយនាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៥០០ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើមន្ទីរពេទ្យ Ahli Arab នៅកណ្តាលហ្គាហ្សា ជាមួយនឹងរូបភាពដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយភ្លើងបានឆាបឆេះអគារ និងសាកសពរាយប៉ាយពាសពេញ។

ការវាយប្រហារនេះដែលបានកើតឡើង ចំពេលដែលអ៊ីស្រាអែលកំពុងបន្តវាយលុកលើជនស៊ីវិលនៅតំបន់ហ្គាហ្សា ដែលបានទាក់ទាញការថ្កោលទោសជាអន្តរជាតិយ៉ាងឆាប់រហ័ស ទាំងពីអារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងអារ៉ាប់រួមផងដែរ។

ក្រសួងការបរទេសឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឥណ្ឌូនេស៊ីថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ Al-Ahly Al-Arabi ក្នុងតំបន់ហ្គាហ្សាដែលបានសម្លាប់ជនស៊ីវិលរាប់រយនាក់។ ការវាយប្រហារនេះគឺជាការរំលោភយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិ។ ហើយក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ត្រូវចាត់វិធានការជាក់ស្តែងភ្លាមៗ ដើម្បីបញ្ចប់ការវាយប្រហារ និងអំពើហិង្សានៅហ្គាហ្សា»

ក្រសួងបាននិយាយទៀតថា «ភាពអយុត្តិធម៌ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនបានអូសបន្លាយយូរពេកហើយ» ហើយវាជាពេលវេលាសម្រាប់ពិភពលោកដើម្បី «ផ្តល់អាទិភាពដល់សន្តិភាពសម្រាប់ប៉ាឡេស្ទីន»

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានអំពាវនាវឱ្យបញ្ចប់ការវាយប្រហារនេះផងដែរ។ លោកបន្តថា លោកនឹងពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Riyadh សម្រាប់កិច្ចប្រជុំកំពូលរួមលើកដំបូង រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅថ្ងៃសុក្រសប្តាហ៍នេះ៕