(ប៉ាឡេស្ទីន)៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅថ្ងៃពុធនេះថា ការបំផ្ទុះនៅមន្ទីរពេទ្យមួយក្នុងតំបន់ Gaza Strip ហាក់ដូចជាមិនមែនបង្កឡើងដោយអ៊ីស្រាអែលទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
លោក Biden បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំឡុងពេលកិច្ចប្រជុំមួយដូច្នេះថា «ផ្អែកលើអ្វីដែលខ្ញុំបានឃើញ វាហាក់ដូចជាវាត្រូវបានធ្វើដោយក្រុមផ្សេងទៀត មិនមែនអ្នកទេ»។ លោកបានបន្ថែមថា ក្រុងវ៉ាស៊ីនតោននឹងផ្តល់ឱ្យអ៊ីស្រាអែលនូវអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការដើម្បីការពារខ្លួន ខណៈដែលប្រទេសនេះធ្វើសង្រ្គាមប្រឆាំងនឹងចលនាហាម៉ាសប៉ាឡេស្ទីន។
លោក Biden បាននិយាយថា ក្រុមហាម៉ាសគឺអាក្រក់ជាង ISIS ក្នុងការសម្លាប់ជនស៊ីវិលអ៊ីស្រាអែល នៅក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានអំពើហិង្សាចុងក្រោយបំផុត រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ប្រធានាធិបតីអាមេរិកបាននិយាយថា លោកមានការសោកស្ដាយ និងខឹងសម្បារចំពោះការបំផ្ទុះនៅមន្ទីរពេទ្យមួយកន្លែងក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារ ដែលក្រុមហាម៉ាសបាននិយាយថា បានសម្លាប់មនុស្សរាប់រយនាក់។
លោក Netanyahu បានប្រាប់ លោក Biden ថា អ៊ីស្រាអែលនឹងព្យាយាមជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិលនៅក្នុងសង្រ្គាមហ្គាហ្សា ដែលលោកបានពណ៌នាថាជាបញ្ហាប្រឈមដោយសារតែកលល្បិចរបស់ក្រុមហាម៉ាស។
គួរបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើមន្ទីរពេទ្យមួយ ក្នុងទីក្រុងហ្កាហ្សា (Gaza City) កាលពី ថ្ងៃអង្គារ ទី១៧ ខែតុលា ខណៈអ៉ីស្រាអែល និងក្រុមមន្ត្រីប៉ាឡេស្ទីនទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ហើយបាតុកម្មតវ៉ាបានផ្ទុះឡើងនៅក្នុងតំបន់ West Bank និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា៕
រូបភាពពី AFP