(ប៉េកាំង)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធ ទី១៨ ខែតុលា ថា ការវាយប្រហារលើមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់គឺជា «គ្រោះមហន្តរាយដ៏គួរឱ្យភ័យខ្លាច» ដែលបង្ហាញថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គួរតែត្រូវបានបញ្ចប់តាមរយៈការចរចា។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

ក្រុមមន្ត្រីប៉ាឡេស្ទីនបានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការវាយប្រហារតាមផ្លូវអាកាសដែលបានបំផ្ទុះមន្ទីរពេទ្យ Ahli Arab ដែលពួកគេបាននិយាយថា បានសម្លាប់មនុស្សរហូតដល់ ៥០០ នាក់។ រីឯយោធាអ៉ីស្រាអែលវិញអះអាងថាមន្ទីរពេទ្យនេះរងការវាយប្រហារដោយការបាញ់គ្រាប់រ៉ុក្កែតមិនបានសម្រេចរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឥស្លាម ជីហាដ (Palestinian Islamic Jihad)។

លោក ពូទីន បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំងយ៉ាងដូច្នេះថា «ទាក់ទងនឹងការវាយប្រហារលើមន្ទីរពេទ្យ សោកនាដកម្មដែលបានកើតឡើងនៅទីនោះ គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យភ័យខ្លាច»។

លោក​បាន​បន្ថែម​ថា​ «ប្រាកដណាស់ វាជាគ្រោះមហន្តរាយដែលមានមនុស្សរាប់រយនាក់ស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស...ខ្ញុំពិតជាសង្ឃឹមថានេះគឺជាសញ្ញាមួយដែលយើងត្រូវបញ្ចប់ជម្លោះនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្នុងស្ថានភាពណាក៏ដោយ យើងត្រូវផ្តោតលើលទ្ធភាពនៃការចាប់ផ្តើមទំនាក់ទំនង និងការចរចា»

រុស្ស៊ីដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្រុមហាម៉ាស និងមហាអំណាចអារ៉ាប់ ក៏ដូចជាជាមួយប៉ាឡេស្ទីន និងអ៊ីស្រាអែលផងដែរនោះ បាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក និងលោកខាងលិចមិនអើពើ ចំពោះការទាមទាររបស់ពួកប៉ាឡេស្ទីនក្នុងការបង្កើតរដ្ឋឯករាជ្យមួយសម្រាប់ពួកគេ ដែលមាននព្រំដែនកំណត់នៅឆ្នាំ ១៩៦៧ ឡើយ។

កាលពីថ្ងៃចន្ទ លោកពូទីនបាននិយាយតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Ibrahim Raisi ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ផងដែរ៕

រូបភាពពី Reuters