(រ៉ាម៉ាឡាហ៍)៖ កងកម្លាំងសន្តិសុខប៉ាឡេស្ទីននៅទីក្រុងរ៉ាម៉ាលឡាហ៍ (Ramallah) បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកបំភាំងស្មារតី ដើម្បីបំបែកក្រុមបាតុករដែលគប់ដុំថ្ម និងស្រែកប្រឆាំងមេដឹកនាំ លោក ម៉ាមូដ អាបាស់ (Mahmoud Abbas) កាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈកំហឹងបានផ្ទុះឡើងក្រោយការវាយប្រហារមន្ទីរពេទ្យតំបន់ហ្កាហ្សា Gaza។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែតុលា​ ឆ្នាំ២០២៣។

នៅឯតំបន់ West Bank ជាកន្លែងដែលលោក អាបាស់ ទើបនឹងត្រលប់មកដល់វិញ បន្ទាប់ពីលុបចោលកិច្ចប្រជុំនៅហ៊្សកដានី ជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នោះ មានបាតុកររាប់រយនាក់ ដើរដង្ហែក្បួននៅទីលាន Manara ចំកណ្តាលទីក្រុង Ramallah ព្រមជាមួយសំឡេងស្រែកគាំទ្រមេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាស។

សាក្សីបានឲ្យដឹងថា ការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខប៉ាឡេស្ទីន ក៏បានផ្ទុះឡើងនៅក្នុងទីក្រុងណាប្លាស់ (Nablus) ទូបាស់ (Tubas) ជេនីន (Jenin) នៃតំបន់ West Bank ស្ថិតនៅភាគខាងជើង និងជាគោលដៅសំខាន់នៃប្រតិបត្តិការយោធា របស់អ៉ីស្រាអែល កាលពីដើមឆ្នាំ ២០២៣។ ការផ្ទុះឡើងនៃបាតុកម្មនៅ West Bank បង្ហាញពីកំហឹងរបស់ប្រជាជនប៉ាឡេស្ទីន ចំពោះលោក អាបាស់ ដែលកន្លងមកប្រឈមនឹងការរិះគន់ចំពោះការសម្របសម្រួល ជាមួយអ៉ីស្រាអែលលើផ្នែកសន្តិសុខ។

គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនយ៉ាងហោច ៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើមន្ទីរពេទ្យមួយ ក្នុងទីក្រុងហ្កាហ្សា (Gaza City) កាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈអ៉ីស្រាអែល និងក្រុមមន្ត្រីប៉ាឡេស្ទីន ទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក៕

រូបភាពពី Reuters