(តែលអាវីវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ប្រទេសអ៉ីស្រាអែលនាថ្ងៃពុធនេះ ក្នុងការបំពេញទស្សនកិច្ចមួយ ដើម្បីបង្ហាញពីសាមគ្គីភាព ក៏ដូចជាដើម្បីពិគ្រោះអំពីបញ្ហាសង្រ្គាមក្តៅគគុក នៅក្នុងដែនដីប៉ាឡេស្ទីន ហ្កាហ្សា ស្ទ្រីព (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

យន្តហោះ Air Force One បានចុះចតនៅព្រលានយន្តហោះ Ben Gurion របស់អ៉ីស្រាអែល ហើយការមកដល់របស់លោក បៃដិន ត្រូវបានទទួលស្វាគមន៍ពីសំណាក់ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog នៅឯអាកាសយានដ្ឋានផ្ទាល់។

វត្តមានរបស់លោកប្រធានាធិបតីអាមេរិក នៅអ៉ីស្រាអែលនាថ្ងៃពុធនេះ គឺចំពេលដែល​ស្ថានការណ៍សង្រ្គាមរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន បានកើនឡើងកម្តៅកាន់តែខ្លាំងមួយកម្រិតទៀត បន្ទាប់ពីមានការវាយប្រហារដ៏ប្រល័យមួយទៅលើមន្ទីរពេទ្យ នៅតំបន់ Gaza ដែលបាន​សម្លាប់មនុស្សយ៉ាងតិច៥០០នាក់។ ក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ Gaza ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បាននិយាយថា មន្ទីរពេទ្យខាងលើបានរងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល រីឯយោធាអ៉ីស្រាអែលវិញ អះអាងថាមន្ទីរពេទ្យនេះរងការវាយប្រហារ ដោយការបាញ់គ្រាប់រ៉ុក្កែតមិនបានសម្រេច របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ឥស្លាម ជីហាដ (Palestinian Islamic Jihad)។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ជាថ្ងៃដែលក្រុមហាម៉ាស បានបញ្ជូនខ្មាន់កាំភ្លើងជាច្រើននាក់ពីតំបន់ Gaza ឱ្យឆ្មក់ចូលវាយប្រហារលើសហគមន៍ និងទីក្រុងនៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល ហើយបានសម្លាប់មនុស្សជាង១,៤០០នាក់ ខណៈជាង២០០នាក់ផ្សេងទៀត ត្រូវបានចាប់យកទៅជាចំណាប់ខ្មាំង អ៉ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស យ៉ាងខ្លាំងក្លាបំផុតសងសឹកលើតំបន់ Gaza Strip ដែលបានផ្តាច់ជីវិតមនុស្ស​រាប់ពាន់នាក់។

តាមការគ្រោងទុកដំបូងឡើយ លោក បៃដិន នឹងត្រូវធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី ក្រោយបញ្ចប់ទស្សនកិច្ចនៅអ៉ីស្រាអែល នាថ្ងៃពុធនេះ ដើម្បីជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី អាប់ឌុលឡោះ ទី២ (Abdullah II) ប្រធានាធិបតីប៉ាឡេស្ទីន និងប្រធានាធិបតីអេហ្ស៉ីប។ ប៉ុន្តែគម្រោងនោះ ត្រូវបានលុបចោលវិញ ក្រោយជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើមន្ទីរពេទ្យមួយ ក្នុងទីក្រុងហ្កាហ្សា (Gaza City) កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕

រូបភាពពី Reuters