(ប៉េកាំង)៖ លោកប្រធានាធិបតី ស៉ី ជីនពីង បាននិយាយនៅថ្ងៃពុធនេះថា ចិននឹងបញ្ចូលមូលនិធិថ្មីក្នុងទំហំទឹកប្រាក់ជាង ១០០ពាន់លានដុល្លារ ទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ហៅកាត់ BRI របស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០២៣។

លោក ស៉ី បានប្រកាសថា ធនាគារអភិវឌ្ឍន៍ចិន និងធនាគារនាំចេញ-នាំចូល ដែលជាអ្នកផ្តល់កម្ចីដ៏សំខាន់នៅក្នុងគម្រោងខ្សែក្រវាត់និងផ្លូវ នាពេលឥឡូវនេះ នឹងផ្តល់ប្រាក់កម្ចីបន្ថែមចំនួន១០០ពាន់លានដុល្លារទៀត។ ធនាគារទាំងពីរនឹងបង្កើតឱកាសផ្តល់ហិរញ្ញប្បទានចំនួន ៣៥០ពាន់លានយន់ ឬស្មើនឹង ៤៧.៩ពាន់លានដុល្លារ សម្រាប់គម្រោង BRI។ ទឹកប្រាក់បន្ថែមចំនួន ៨០ពាន់លានយន់ផ្សេងទៀត នឹងត្រូវចាក់បញ្ចូលទៅក្នុងស្ថាប័នផ្តល់ប្រាក់កម្ចីផ្លូវការនៃគម្រោងនេះ គឺមូលនិធិផ្លូវសូត្រ។

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាសសរស្តម្ភស្នូលនៃផែនការពង្រីកឥទ្ធិលចិនទៅក្រៅប្រទេស របស់លោក ស៉ី ជិនពីង ដោយទីក្រុងប៉េកាំងនិយាយថា ឥឡូវនេះខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យា ក្នុងទំហំទឹកប្រាក់ជាង ២ពាន់ពាន់លានដុល្លារហើយ នៅជុំវិញពិភពលោក។ អ្នកគាំទ្រ បានសាទរចំពោះការផ្តល់ធនធាន និងជំរុញកំណើនសេដ្ឋកិច្ចមកកាន់លោកខាងត្បូង។

គួរបញ្ជាក់ថា ចិន បាននិងកំពុងរៀបចំវេទិកាខ្សែក្រវាត់ និងផ្លូវ ដោយមានការចូលរួមពីតំណាងប្រទេសចំនួន ១៣០ ហើយជាកិច្ចប្រជុំកំពូលដ៏ធំលើកទី ៣រៀបចំដោយទីក្រុងប៉េកាំង ចាប់តាំងពីការដាក់សម្ពោធគំនិតផ្តួចផ្តើមនេះ កាលពីឆ្នាំ២០១៣៕

រូបភាពពី Xinhua