(ប៉េកាំង)៖ នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន បានឱ្យដឹងថា រូបលោកបានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ឱ្យទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។
លោក សេដ្ឋា និងលោក ពូទីន បានជួបគ្នានៅក្រៅវេទិកាស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ហើយជជែកអំពីការជំរុញចំណងទាក់ទង ផ្នែកពាណិជ្ជកម្មនិងវប្បធម៌។ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីថៃ បានឱ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបានអញ្ជើញលោក ពូទីន ឱ្យបំពេញទស្សនកិច្ចមកកាន់ប្រទេសថៃ នៅឆ្នាំ២០២៤»។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ លោក ពូទីន បានទទួលយកការអញ្ជើញនោះ ប៉ុន្តែពុំទាន់មានការកំណត់កាលបរិច្ឆេទច្បាស់លាស់ នៅឡើយទេ។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ពូទីន ជុំវិញការចោទប្រកាន់ អំពីឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ កាលពីឆ្នាំមុន ថៃបានចូលរួមជាមួយចិននិងឥណ្ឌា ផ្តល់សំឡេងអនុបវាទនៅក្នុងការបោះឆ្នោតមួយ របស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ ដែលថ្កោលទោសការដែលរុស្ស៉ីប្រកាសកាត់យកទឹកដីរបស់អ៊ុយក្រែន ដែលស្ថិតក្រោមការកាន់កាប់របស់កងទ័ពរុស្ស៉ី៕
រូបភាពពី Reuters