(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានរាយការណ៍ថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ព្រមទាំងជប៉ុន នឹងធ្វើសមយុទ្ធយោធាផ្លូវអាកាស នាចុងសប្តាហ៍នេះ ដែលនឹងមានការចូលរួមពី យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអាមេរិក B-52។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

យោងតាមប្រភពពីយោធាដែលខ្លួនទទួលបាន ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap បាននិយាយថា សមយុទ្ធយោធាត្រីភាគីខាងលើ នឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ហើយវានឹងជាសមយុទ្ធផ្លូវអាកាសលើកដំបូង ដែលប្រារព្ធឡើងនៅក្បែរឧបទ្វីបកូរ៉េ។ យោងតាម​ប្រភពព័ត៌មានដដែល សមយុទ្ធយោធាផ្លូវអាកាសកូរ៉េខាងត្បូង-អាមេរិក-ជប៉ុន នឹងរួមមាននូវការហោះជាក្បួន នៃយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក ដែលអមដោយ ក្រុមយន្តហោះចម្បាំងមកពីប្រទេសទាំង៣។

យន្តហោះ B-52 ១គ្រឿង បានចុះចតនៅមូលដ្ឋានយោធាមួយក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រោយការហោះបង្ហាញវត្តមាន​កាត់ពីលើពិព័រណ៍ការពារជាតិធំបំផុតរបស់កូរ៉េខាងត្បូង។ ការមកដល់នៃយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនេះ គឺបន្ទាប់ពីក្នុងសប្តាហ៍មុន នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក USS Ronald Reagan បានចូលបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ហើយបង្កឱ្យទីក្រុងព្យុងយ៉ាងបញ្ចេញប្រតិបត្តិកម្មខឹងសម្បារ។ យន្តហោះ B-52 ដែលហោះហើរក្នុងល្បឿនក្រោមល្បឿនសំឡេង អាចធ្វើដំណើរបានចម្ងាយប្រហែល ១៣,០០០គីឡូម៉ែត្រ ដោយមិនចាំបាច់បញ្ចូលសាំងបន្ថែមឡើយ នៅរយៈកម្ពស់ជាង១៥,០០០ម៉ែត្រ។

គួរបញ្ជាក់ថា មន្រ្តីមួយរូបនៅក្រសួងការពារជាតិកូរ៉េខាងត្បូង បានបដិសេធទទួលស្គាល់សេចក្តីរាយការណ៍ខាងលើ ប៉ុន្តែបាននិយាយថា ប្រទេសទាំង៣ កំពុងបន្តពង្រីកការធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីទប់ទល់ការគំរាមកំហែង នៃមីស៉ីលបាលិស្ទីគនិងអាវុធនុយក្លេអ៊ែររបស់​កូរ៉េខាងជើង៕

រូបភាពពី AFP