(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទទួលយក​ការអញ្ជើញពីសមភាគីវៀតណាមរបស់លោក ដើម្បីបំពេញទស្សនកិច្ចក្នុងពេលឆាប់ៗខាងមុខ ទៅកាន់ប្រទេសវៀតណាម ស្របពេល​មេដឹកនាំទាំងពីរ បានជួបគ្នាកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅក្រៅវេទិកាខ្សែក្រវាត់និងផ្លូវ ដែលប្រារព្ធឡើងនៅទីក្រុងប៉េកាំងនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

វៀតណាមបានបន្តជាដៃគូដ៏ជិតស្និទ្ធបំផុតមួយរបស់រុស្ស៉ីនៅអាស៉ី។ ចំណងទាក់ទងរវាងប្រទេសទាំងពីរ ត្រូវបានអភិវឌ្ឍឡើងតាំងពីអំលុង​សម័យសូវៀតមកម្ល៉េះ ហើយទីក្រុងហាណូយ គឺជាអតិថិជនធំមួយនៃសព្វាវុធរបស់រុស្ស៉ី។ យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Vietnam News Agency ប្រធានាធិបតីវៀតណាម លោក Vo Van Thuong បានអញ្ជើញលោក ពូទីន ឱ្យបំពេញទស្សនកិច្ច​ទៅកាន់ប្រទេសវៀតណាម ក្នុងពេលឆាប់ៗ ហើយលោក ពូទីន បានទទួលយកការអញ្ជើញនោះ ដោយក្តីរីករាយ។

គួរបញ្ជាក់ថា លោក Thuong និងលោក ពូទីន បានជួបគ្នាកាលពីថ្ងៃអង្គារ ជាថ្ងៃដំបូងនៃវេទិកាខ្សែក្រវាត់និងផ្លូវនៅទីក្រុងប៉េកាំង ជាទីដែល​តំណាងមកពីជាង១៣០ប្រទេស បានមកជួបជុំគ្នាដើម្បីស្តាប់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បកស្រាយអំពីចក្ខុវិស័យ​របស់លោក សម្រាប់ដំណាក់កាលបន្ទាប់ទៀត នៅក្នុងគម្រោងកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មសកលមួយនេះ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីចិនផ្ទាល់។

ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង គឺជាទស្សនកិច្ចក្រៅប្រទេសលើកទី២ហើយរបស់លោក ពូទីន គិតចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក កាលពីខែមីនា ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ កាលពីសប្តាហ៍មុន លោក ពូទីន ទើបតែបានទៅបំពេញទស្សនកិច្ចនៅប្រទេសកៀហ្ស៉ីស៉ីស្ថាន ដែលជាអតីតសាធារណរដ្ឋសូវៀត។ ដូចចិននិងកៀហ្ស៉ីស៉ីស្ថានដែរ គឺវៀតណាមមិនមែនជាសមាជិករបស់តុលាការ ICC នោះទេ៕

រូបភាពពី RIA Novosti