(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅថ្ងៃពុធនេះ បានសាទរចំណងមិត្តភាពជិតស្និទ្ធរបស់លោក ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ខណៈលោកបានទទួលស្វាគមន៍លោកមេដឹកនាំរុស្ស៉ី ដើម្បីបើកកិច្ចពិភាក្សាដែលអបអរ ចំណងទាក់ទងផ្នែកនយោបាយនិងសេដ្ឋកិច្ច ដែលកាន់តែមានភាពស៉ីជម្រៅខ្លាំងទៅៗ រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

លោក ស៉ី បានប្រាប់ទៅកាន់លោក ពូទីន ថា ការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ រវាងប្រទេសទាំងពីរ កំពុងបន្តមានភាពស៉ីជម្រៅកាន់តែខ្លាំង ហើយលោកបានលើកសរសើរអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានលក្ខណៈយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់។ លោកប្រធានាធិបតីចិន ក៏បានអំពាវនាវឱ្យមាន កិច្ចប្រឹងប្រែងរួមរវាងចិននិងរុស្ស៉ី ដើម្បីរក្សាការពារសមធម៌ក៏ដូចជាយុត្តិធម៌លើពិភពលោកផងដែរ។

បើតាមលោក ស៉ី ជីនពីង ទំហំនៃការធ្វើពាណិជ្ជកម្មទ្វេភាគី បានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ដែលកំពុងឆ្ពោះទៅរក​គោលដៅនៃទំហំ២០០ពាន់លានដុល្លារ ដែលត្រូវបានកំណត់ដោយភាគីទាំងពីរ។ លោក ស៉ី បានគូសរំលេចថា រូបលោកបានជួប​លោក ពូទីន សរុបចំនួន៤២លើកហើយ នៅក្នុងរយៈពេល១០ឆ្នាំមកនេះ ហើយបានកសាងទំនាក់ទំនងការងារដ៏ល្អមួយ ព្រមទាំងចំណងមិត្តភាពយ៉ាងស៉ីជម្រៅ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ទីក្រុងប៉េកាំងកំពុងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ តំណាងមកពីប្រហែល១៣០ប្រទេស សម្រាប់វេទិកាមួយស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្មដ៏ធំសម្បើម និងប្រកបដោយមហិច្ឆតារបស់លោក ស៉ី ជីនពីង។ បុគ្គលដែលនៅលើគេ ក្នុងបញ្ជីឈ្មោះភ្ញៀវកិត្តិយសគឺ លោក ពូទីន ខណៈវាគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់​ប្រទេសមួយដែលជាមហាអំណាចពិភពលោក គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានធ្វើឱ្យប្រទេសរុស្ស៉ី ស្ថិតនៅក្នុង​សភាពឯកោនៅលើឆាកអន្តរជាតិ៕

រូបភាពពី Reuters