(ប៉េកាំង)៖ នាយប់ថ្ងៃទី ១៧ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយារៀបចំពិធីលៀងសាយភោជន៍ជូនភ្ញៀវកិត្តិយសអន្តរជាតិ ដែលអញ្ជើញមកចូលរួមវេទិកាកំពូល "ខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី នៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានថ្លែងសុន្ទរកថាដោយតាងនាមរដ្ឋាភិបាលនិងប្រជាជនចិន ដើម្បីសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះភ្ញៀវកិត្តិយសអន្តរជាតិ ដែលអញ្ជើញមកចូលរួមវេទិកាកំពូល "ខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោកបានលើកឡើងថា តាំងពីគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ” ត្រូវបានលើកឡើងរយៈពេល ១០ ឆ្នាំមក ប្រទេសចិននិងដៃគូសហប្រតិបត្តិការនានា បានរួមចំណែកជាកម្លាំងសម្រាប់ការតភ្ជាប់សកល និងបង្កើតវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានបំពេញបន្ថែមកម្លាំងចលករ សម្រាប់កំណើនសេដ្ឋកិច្ចសកល។ ការអភិវឌ្ឍនៃសកលលោកបច្ចុប្បន្ន បាននិងកំពុងប្រឈមនឹងការសាកល្បងជាច្រើន ប៉ុន្តែឱ្យតែយើងប្រកាន់ខ្ជាប់គោលបំណងដើម និងចងចាំបេសកកម្មអភិវឌ្ឍន៍ នោះការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ” មុខជាអាចបញ្ចេញពន្លឺនៃយុគសម័យជាក់ជាពុំខាន ហើយយើងអាចបង្កើតអនាគតកាន់តែល្អបវរ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់យើង។

បន្ទាប់ពីធិពីលៀងសាយភោជន៍ លោក Xi Jinping និងលោកស្រី Peng Liyuan ជាភរិយា បានរួមជាមួយភ្ញៀវកិត្តិយសទស្សនា ការសម្តែងសិល្បៈ «រួមដំណើរជាមួយគ្នាតាមផ្លូវសូត្រ»៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន