(ប៉េកាំង)៖ ឆ្នាំ២០២៣ គឺជាពេលវេលា១ទសវត្សរ៍នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលបានប្រកាសដោយឯកឧត្តម Xi Jinping ប្រធានរដ្ឋចិន ត្រូវបានពន្លាតដំណើររបស់ខ្លួនពីបណ្តាប្រទេសនៅអាស៊ីកណ្តាល ទៅកាន់ជាង១៥២ប្រទេស និងជាង៣២អង្គការអន្តរជាតិ ហើយដំណើរនេះជាដំណើរមិត្តភាពដោយប្រកាន់ខ្ជាប់ នូវគោលការណ៍នៃការពិគ្រោះយោបល់ដ៏ទូលំទូលាយ និងការចូលរួមចំណែកផ្តល់ផលប្រយោជន៍រួម ព្រមទាំងបានចូលរួមអនុវត្តជាង ៣000គម្រោងកិច្ចសហប្រតិបត្តិការ នៅជុំវិញពិភពលោកក្នុងបំណងលើកកម្ពស់ការអភិវឌ្ឍនិ ងបង្កើនភាពធូរធារដល់ជីវភាពរស់នៅរបស់មនុស្សជាតិ។ ដំណើររយៈពេល១ទសវត្សរ៍បានជំរុញឱ្យមានការវិនិយោគលើ ទំហំថវិកាជិតមួយពាន់ពាន់លានដុល្លារអាមេរិក ហើយបានត្រួសត្រាយមាគ៌ារបស់ខ្លួនក្លាយជាមាគ៌ាឆ្ពោះទៅរក កិច្ចសហប្រតិបត្តិការក្នុងរង្វង់យន្តការពហុភាគីនិយម និងមិត្តភាពដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ។

ឆ្នាំ២០២៣គឺជាការចេញដំណើរប្រកបដោយភាពស្វាហាប់ របស់ប្រទេសចិនក្នុងល្បឿនទំនើបកម្មសង្គម ហើយដែលប្រទេសចិនកំពុងបន្តលើកទឹកចិត្ត ដល់បណ្តាទាំងអស់រួមគ្នានៅក្នុងការចារទំព័រថ្មីនៃប្រវត្តិសាស្រ្តទំនើបកម្ម របស់ប្រទេសរៀងៗខ្លួន ហើយរួមគ្នាជាមួយប្រទេសចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលមានអាយុកាល១ទសវត្សរ៍ដើម្បីបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការក្នុងយន្តការពហុភាគីនិយមផ្តើមយុគសម័យថ្មី ក្នុងការរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ដំណើររយៈពេល១ទសវត្សរ៍ប្រកបដោយភាពក្លៀវក្លារក្សាបាន នូវគោលបំណងដើមនៃមរតកផ្លូវសូត្រដែលបង្ហាញពីសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ ការរួមបញ្ចូល ឬបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍រួមនិងឈ្នះ-ឈ្នះ បានកើតមានឡើងដោយសារប្រទេសទាំងអស់ យល់ស្របគ្នាថា «អ្វីៗទាំងអស់រស់នៅប្រកបដោយភាពសុខដុមរមនា និងរីកចម្រើនជាមួយនឹងការកម្លាំងសាមគ្គី ការគោរព និងការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក»

ឆ្នាំ២០២៣គឺជាពេលវេលាដ៏សមស្របដែលប្រទេសចិន បានរៀបចំនូវវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់និងផ្លូវលើកទី៣ (ថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែតុលា) សម្រាប់ប្រមូលផ្តុំនូវធាតុចូលដ៏សំខាន់ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ពីបណ្តាក្រុមបញ្ញាញាណជាន់ខ្ពស់ ពីក្រុមវិនិយោគិនក្នុងវិស័យឯកជន ពីសង្គមស៊ីវិលនៃបណ្តាប្រទេសទាំងឡាយជាង១៥០ប្រទេស ដើម្បីពិភាក្សាអំពីផែនការអភិវឌ្ឍនិងគូរប្លង់មេ សម្រាប់ការសាងសង់រួមគ្នាប្រកបដោយគុណភាពខ្ពស់ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដើម្បីត្រួសត្រាយ នូវមាគ៌ានាំឱ្យខ្យល់និទាឃរដូវ និងកម្លាំងជំរុញចលករដ៏មហិមា ក្នុងការបង្កើនល្បឿនអភិវឌ្ឍខ្លាំងក្លាដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការសាងនូវអនាគតរួមគ្នាក្នុងយុគសម័យថ្មី។

ឆ្នាំ២០២៣គឺជាពេលវេលាដែលពិភពលោកយល់ច្បាស់ពីតម្លៃសន្តិភាព ក្នុងពេលដែលប្រទេសមួយចំនួនកំពុងស្ថិតនៅក្នុង សង្គ្រាមដ៏ក្តៅគគុកដាបទៅដោយឈាម ហើយប្រទេសទាំងអស់ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច ដ៏គួរឲ្យព្រួយបារម្ម។ ក្នុងន័យនេះ មនុស្សជាតិគ្មានអ្វីត្រូវលាក់លៀម ហើយបាននិយាយដោយចំហថា សន្តិភាពនិងការអភិវឌ្ឍ គឺជាសេចក្តីប្រាថ្នារួមដែលយើងត្រូវរួមគ្នា បង្កើតឡើងស្របតាមគោលបំណងដែលមានចែងយ៉ាងច្បាស់ នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ យ៉ាងណាមិញ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលបានចេញដំណើរ១ទសវត្សរ៍មកនេះ បាននិងឈានកាន់តែកៀកទៅនឹងគោលដៅនេះ។ វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់និងផ្លូវលើកទី៣ ដែលបានប្រារព្ធនៅរដ្ឋធានីប៉េកាំងបាននិងកំពុងឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់មនុស្សជាតិ ផ្លាស់ប្តូរបទពិសោធន៍ដ៏ជូរចត់ និងបន្តរួមគ្នាឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាពនិងការអភិវឌ្ឍ។

ជារួម ពេលវេលា១ទសវត្សរ៍កន្លងមកនេះ បានក្លាយជាសក្ខីភាពបញ្ជាក់យ៉ាងប្រត្យក្សថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បាននិងកំពុងគិតគូរយ៉ាងច្បាស់លាស់ពីមូលដ្ឋានគ្រឹះ នៃសន្តិភាពនិងការអភិវឌ្ឍ សម្រាប់មនុស្សជាតិជំនាន់របស់យើងនាពេលនេះ ហើយកំពុងត្រួសត្រាយមាគ៌ាទទួលខុសត្រូវចំពោះមនុស្សជាតិជំនាន់ក្រោយផងដែរ។ វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់និងផ្លូវលើកទី៣ មជ្ឈមណ្ឌលរួមកម្លាំងសាមគ្គីពហុភាគីនិយមដែលពោរពេញដោយ ការបើកចំហនិងការរួមបញ្ចូលគ្នា ព្រមទាំងគោលដៅក្នុងការជំរុញបុព្វហេតុដ៏ធំអស្ចារ្យនៃការកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិទាំងមូល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន