(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្កើនការដាស់តឿនដល់ពលរដ្ឋរបស់ខ្លួន «កុំធ្វើដំណើរ» ទៅកាន់ប្រទេស លីបង់ ដោយលើកឡើងពីបញ្ហាសន្តិសុខដែលអាចកើតចេញពីការបាញ់ផ្លោងមីស៊ីល រ៉ុក្កែត និងកាំភ្លើងធំដាក់គ្នាទៅវិញទៅមក រវាងអ៉ីស្រាអែល និងក្រុមហេសបូលឡា លីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

ក្រសួងការបរទេសអាមេរិក ក៏អនុញ្ញាតឲ្យមានការចាកចេញដោយស្ម័គ្រចិត្ត ចំពោះសមាជិកគ្រួសាររបស់បុគ្គលិករដ្ឋាភិបាលអាមេរិក និងបុគ្គលិកមិនមានភារកិច្ច ចាំបាច់មួយចំនួនពីស្ថានទូតអាមេរិក ប្រចាំទីក្រុងបេរូត (Beirut) ដោយសារតែស្ថានភាពសន្តិសុខ ដែលមិនអាចទាយទុកជាមុនបាននៅក្នុងប្រទេសលីបង់។

គួរបញ្ជាក់ថា សេចក្តីណែនាំនេះធ្វើឡើង ខណៈក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បានអះអាងពីការស្លាប់មនុស្សរាប់រយនាក់ ក្នុងការបំផ្ទុះមួយនៅមន្ទីរពេទ្យ Gaza ដែលបានដុតបញ្ឆេះឲ្យមានការតវ៉ានៅតំបន់ West Bank និងជុំវិញតំបន់មជ្ឈិមបូព៌ា។ មន្ត្រីអ៉ីស្រាអែល និងប៉ាឡេស្ទីន កំពុងស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះ ការទម្លាក់គ្រាប់បែកនេះ៕

រូបភាពពី Reuters