(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov គ្រោងនឹងទៅដល់ទីក្រុងព្យុងយ៉ាងនៅថ្ងៃពុធសប្ដាហ៍នេះ សម្រាប់កិច្ចប្រជុំមួយដែលនឹងត្រួសត្រាយផ្លូវ សម្រាប់ការរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ខណៈរុស្ស៉ីកំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក Lavrov កើតឡើងមួយខែបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចដ៏កម្រមួយ ទៅកាន់ ប្រទេសរុស្ស៉ី ហើយនៅពេលនោះ លោក គីម បានអញ្ជើញ លោក ពូទីន មកកាន់ទីក្រុងព្យុងយ៉ាងវិញ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី TASS លោក Lavrov អាចនឹងគូសបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំកូរ៉េខាងជើងអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅប្រទេសចិន ក៏ដូចជាពិភាក្សាអំពីការអញ្ជើញសម្រាប់ លោក ពូទីន បំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក ស៊ុង គីម (Sung Kim) បានចាត់ទុកការពង្រឹងទំនាក់ទំនងរវាង កូរ៉េខាងជើង និងរុស្ស៉ីថា «គួរឲ្យព្រួយបារម្ភ» បន្ទាប់ពីសេតវិមានចោទថា ទីក្រុងព្យុងយ៉ាងបានផ្តល់អាវុធដល់រុស្ស៉ី នាពេលថ្មីៗនេះ៕

រូបភាពពី Reuters