(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន នឹងស្នើឱ្យសភាទាំង២របស់សហរដ្ឋអាមេរិក ទម្លាក់កញ្ចប់ថវិកាទំហំ ១០០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៉ីស្រាអែល តៃវ៉ាន់ និងដោះស្រាយវិបត្តិជនអន្តោប្រវេសន៍នៅឯតំបន់ព្រំដែនអាមេរិក និងម៉ិកស៊ិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

ព័ត៌មានស្ដីពីការស្នើសុំកញ្ចប់ថវិកាខាងលើត្រូវបានរាយការណ៍មុនគេដោយសារព័ត៌មាន Bloomberg តែមិនទាន់ត្រូវបានប្រកាសជាផ្លូវការដោយសេតវិមាន នៅឡើយទេ និងកើតមានឡើងចំពេលសភាតំណាងរាស្ត្រអាមេរិក កំពុងជាប់គាំដោយសារតែគ្មានប្រធាន។ ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រភពដឹង ពីកិច្ចការនេះដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថាកញ្ចប់ថវិកាខាងលើ គឺមានគោលដៅបិទបញ្ចប់ភាពចម្រូងចម្រាសនៅក្នុងសភាអាមេរិក និងនាំអ្នកតំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យដែលកំពុងស្វែងរកកញ្ចប់ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន ឱ្យឯកភាពគ្នាជាមួយតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋដែលចង់បាន កញ្ចប់ថវិកាសម្រាប់ការរឹតបន្តឹងការគ្រប់គ្រងតំបន់ព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្ដាហ៍នេះដែរ លោក ចូ បៃដិន បានបញ្ជាក់ប្រាប់សម្ព័ន្ធមិត្តសំខាន់ៗឡើងវិញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន បើទោះជាទីក្រុងវ៉ាស៊ីនតោន កំពុងផ្ដោតលើការគាំទ្រដល់អ៉ីស្រាអែល ក្នុងសង្រ្គាមជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាក៏ដោយ៕

រូបភាពពី AFP